ត្រូវប្ដូរសំណាបចាស់ជំនួសវិញដោយសំណាបថ្មី ។ នេះគឺជាប្រសាសន៏ណែនាំរបស់ឯកឧត្ដមបណ្ឌិត ច័ន្ទសារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យបញ្ហាគ្រោះរាំងស្ងួតនៅឃុំរំចង់ ឃុំទ្រា ឃុំជើងគួន និងឃុំស្លា ស្រុកសំរោង ខេត្ដតាកែវកាលពីថ្ងៃទី០១ខែកញ្ញាកន្លងទៅនេះ។
ក្នុងឱកាសជួបសំណេះសំណាលជាប្រជាពលរដ្ឋ ដែលបានជួបបញ្ហាគ្រោះរាំងស្ងួត ចំនួន១០០គ្រួសារ ឯកឧត្ដមរដ្ឋមន្ដ្រីបានមានប្រសាសន៏ណែនាំដល់កសិករ ឱ្យប្ដូរសំណាបចាស់ និងជំនួសវិញដោយសំណាបថ្មី។ ឯកឧត្ដមបានពន្យល់ថា សំណាបចាស់អស់ពេលធ្វើការលូតលាស់ ហើយប្រសិនបើយកវាទៅស្ទូង គឺសំណាបចាស់ស្ទូងទៅមិនបែកគុម្ពទេ ហើយពេលស្ទូងត្រូវការចាប់ច្រើន ដែលជាហេតុធ្វើឱ្យខាតសំណាប ។ សំណាបចាស់មានជំងឺជាប់នឹងដើម(ជំងឺអុចត្នោត) ។ សុខភាពមិនល្អ ។
ដោយសារខ្វះទឹកសំណាបនេះគ្មានឫស ។ កាលណាយកទៅស្ទូងវាមិនអាចលូតលាស់ដូចប្រក្រតីបានទេ ។ ខាតពេល ខាតទុននិងបានផលតិច ។ ឯកឧត្ដមបន្ដទៀតថា ដោយសារហេតុផលទាំងអស់នេះ យើងត្រូវប្ដូរសំណាបចាស់ចេញ ហើយរកសំណាបថ្មីមកជំនួសវិញ ។ ពីព្រោះសំណាបថ្មីមានសុខភាពល្អ ។ ពុំមានជំងឺជាប់នឹងដើមវា ។ សំណាបថ្មីមានពេលវេលាគ្រប់គ្រាន់់ក្នុងការលូតលាស់ព្រោះជាពូជស្រូវស្រាល មិនប្រកាន់រដូវ ។ពេលសូមសាបឱ្យស្ដើង។សាបរួចគ្រប់ថ្ងៃដកយកទៅស្ទូងចំពេលមានទឹកនោះវាដុះលូតលាស់បានល្អ ។
ទាក់ទងនឹងបញ្ហាប្ដូរសំណាបគឺជាបញ្ហាធំរបស់បងប្អូនដែលខ្វះពូជដូច្នេះឯកឧត្ដមរដ្ឋមន្ដ្រី សុំឱ្យប្រធានមន្ទីរចុះធ្វើស្ថិតិពីតម្រូវការពូជរបស់គ្រួសារនីមួយៗ រួចហើយត្រូវយកពូជស្រូវចេញពីធនាគាររបស់មន្ទីរ មកឱ្យបងប្អូនប្រជាកសិករខ្ចី ហើយសងវិញដោយគ្មានការប្រាក់នៅរដូវច្រូតកាត់ខាងមុខ ។
ចំពោះបញ្ហារាំងស្ងួត គឺជាក្ដីកង្វល់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ឯកឧត្ដមរដ្ឋមន្ដ្រីបានធ្វើការណែនាំនូវចំណុចចម្បងៗមួយចំនួនដែលក្នុងនោះគឺប្រើប្រាស់ឱ្យអស់លទ្ធភាពនូវប្រភពទឹកដែលនៅជិត ។
អ្នកដើមទីកុំខ្ជះខ្ជាយទឹក ទុកឱ្យអ្នកចុងទីប្រើផងចៀសវាងមានទំនាស់។ លើកភ្លឺទប់ទឹកក្នុងស្រែឱ្យបានគត់មត់ ។ ឈប់ប្រើពូជស្រូវធ្ងន់ ឈប់សាបចាំទឹក តែត្រូវធ្វើដីចាំទឹកវិញ ព្រោះថាកាលណាយើងសាបចាំទឹកដល់ពេលអត់ទឹក នោះសំណាបយើងចាស់ ឬងាប់ចោលឥតអសារ ។ នាំគ្នាលើកភ្លឺឱ្យបានធំក្នុងករណីមានភ្លៀងយើងអាចមានទឹកក្នុងស្រែ។ បើសាបត្រូវរកកន្លែងណាដែលជិតប្រភពទឹកងាយជួយសង្គ្រោះនៅពេលជួបបញ្ហារាំងស្ងួត ។
ចំពោះអ្នកមានទឹកស្ទូងរួចហើយ កុំប្រញាប់ដើរចោលស្រែ ត្រូវឧស្សាហ៏ចុះស្រែមើលទឹក មើលភ្លឺ សត្វល្អិត និងស្មៅចង្រៃ ព្រោះមិនប្រាកដថាស្ទូងហើយបានទទួលផលល្អនៅពេលច្រូតកាត់នោះទេ ដរាណាគ្មានការថែទាំបានល្អ ។ ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតរបស់បងប្អូនប្រជាកសិករ ឯកឧត្ដមរដ្ឋមន្ដ្រីបានជួយប្រេងសម្រាប់បូមទឹកចំនូន១.០០០លីត្រ និងជួយម៉ាស៊ីនបូមទឹកជួយអន្ដរាគមន៏ចំនួន៤គ្រឿងទៀត ៕