បន្ទាប់មកទៀត ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តចុះពិនិត្យផលិតកម្មបន្លែ របស់កសិករឈ្មោះជា មឿយ នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ។ បច្ចុប្បន្នគាត់ដាំត្រឡាច ប៉េងប៉ោះ និងខ្ទឹម បារាំង។ល។ ដោយប្រើប្រព័ន្ធដំណក់ទឹក ផ្លាស្ទិកគ្របរងការពារស្មៅ និងរំហួតទឹក និងប្រើទ្រើងសំណាញ់ជំនួសឫស្សី។ ការអនុវត្តច្ចេកទេសបានល្អ រួមផ្សំការដាំបន្លែទាំង អស់សុទ្ធតែជាប្រភេទបន្លែមានទីផ្សារល្អទៀតធ្វើឲ្យគាត់ ទទួលបានចំណូលប្រចាំឆ្នាំប្រមាណជាង ៤០លានរៀល ប្រហែល ១ម៉ឺនដុល្លា។
មានប្រសាសន៍ទៅកាន់បងប្អូនកសិករជាម្ចាស់ចំការក្នុងទឹកចិត្តសប្បាយរីករាយដោយបានឃើញផលដំណាំបានល្អ ប្រសើរ ហើយលោកបានធ្វើការ កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនដែលប្រកាន់យកអាជីពដាំបន្លែជារបរស្នូលដើម្បីជីវភាពសម្បូរសប្បាយ និងជាពិសេសបានយល់ដឹងពីការងារបច្ចេកទេសកសិកម្ម និងបានយកមកអនុវត្តបានយ៉ាងល្អប្រសើរបើទោះបីនៅមានចំណុចខ្វះខាត ខ្លះៗដែលត្រូវរៀនសូត្របន្ថែមទៀត តាមរយៈមន្រ្តីជំនាញ កសិកម្ម។ តាមការបញ្ជាក់របស់បងប្អូនកសិករបានឲ្យដឹងថា ក្នុងមួយឆ្នាំពួកគាត់អាចទទួលបានប្រាក់ចំណូលពីការដាំដុះនេះ ពីសាមសិប ទៅជាងហាសិបម៉ឺនរៀលក្នុងមួយឆ្នាំ ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យអគ្គនាយកដ្ឋាន សហការជាមួយមន្ទីរត្រូវចុះមកជួយរៀបចំចងក្រជាសហគមន៍បន្លែសុវត្ថិភាព និងជួយបណ្តុះបណ្តាល បន្ថែមលើការងារបច្ចេកទេសដែលនៅមានខ្វះចន្លោះ និងការអនុវត្តកសិកម្មតាមកិច្ចសន្យាដើម្បីងាយស្រួលរកទីផ្សារ និងបង្កើនតម្លៃបន្ថែម។