នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អមដំណើរដោយឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកនាំថ្នាក់ដឹកនាំនៃវិស័យជលផល ទៅកាន់កោះអាចន៍សេះ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។
បេសកកម្មនេះ ធ្វើឡើងដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្រ របស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា MCC សហការជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីបានស្ដាប់បទបង្ហាញរបស់តំណាងអង្គការ MCC ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា និងថ្នាក់ដឹកនាំ បានចុះជ្រមុជទឹកទៅពិនិត្យមើលតំបន់អភិរក្សនៅតំបន់កោះអាចន៍សេះ ដែលសម្បូរទៅដោយស្មៅសមុទ្រ។ ស្មៅសមុទ្រដែលលូតលាស់ល្អ បង្កើតបានជាប្រព័ន្ធអេកូឡូស៊ីដ៏ប្រសើរសម្រាប់ពពួកសត្វគ្រប់ប្រភេទ ជាពិសេសសត្វជ្រូកទឹកដែលចាប់ផ្ដើមលេចមុខឡើងវិញនៅតំបន់នេះ។
សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី ការងាររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា MCC សហការជាមួយរដ្ឋបាលជលផល បានរួមចំណែកជួយស្ដារឡើងវិញនូវធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្រ។ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ដល់អង្គការ MCC បន្តអនុវត្តការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងត្រូវសហការឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ដោយប្រកាន់ខ្ជាប់នូវតម្លាភាព និងភាពស្មោះត្រង់ រវាងគ្នាទៅវិញទៅមក ដើម្បីនិរន្ដរភាពនៃធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់កម្ពុជា៕