នាព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០ ២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តម អ៊ុក ដាមរី អ្នកតំណាងរាស្រ្តមណ្ឌលកណ្តាល ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងនៃគណអភិបាលខេត្ត បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ ពិធីនេះក៏មានអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខា ធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។
ជាបឋមលោក ឯកឧត្តម នូវប៉េង ច័ន្ទតារា បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីវឌ្ឍនភាពនៃវិស័យកសិកម្មនៅទូទាំងខេត្តកណ្តាល ជាពិសេសផលិតកម្មបន្លែដែលទូទាំងខេត្តមានលទ្ធភាពផ្គត់ផ្គង់ឲ្យទីផ្សាររាជធានីភ្នំពេញបានជាង ៤០០តោនក្នុង១ថ្ងៃ។ ដោយឡែកវិស័យវារីវប្បកម្មនៅទូទាំងខេត្តមាន ២៨សហគមន៍នេសាទ តំបន់អភិរក្សមាន ៥កន្លែង និងអន្លុងអភិរក្សមាន ៨ កន្លែង និងមាន ១៧គ្រួសារចិញ្ចឹមត្រី មានស្រះចិញ្ចឹម ១៧ មានត្រីពូជ ១៣៤ ០០០ ក្បាល។ ក្រៅពីនេះ ក៏មានកសិករចិញ្ចឹមត្រីតាមបែមាន ៨គ្រួសារ មានបែចំនួន ២០។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មកជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីជម្រាបជូនអង្គពិធីផងដែរអំពីការងារបង្កបង្កើនផល (ស្រូវ បន្លែ ដំណាំ មាន់ ជ្រូក ត្រី និងកង្កែប)។ ដោយឡែក ការងារវារីវប្បកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីជ្រាបថាតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកាលពីថ្ងៃទី១៨ ខែកុម្ភ: និងកាលពីថ្ងៃទី១៤ ខែ កក្កដាកន្លងមកសម្តេចបានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យខិតខំជំរុញការងារផលិតកម្មស្បៀង ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយ:ការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណ:គ្រួសារដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនទៀតកំពុងប្រឈមបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩ ជាពិសេសនោះសម្រាប់កម្មវិធីដ៏មានសារសំខាន់នេះ សម្តេចតេជោបានជួយឧបត្ថម្ភថវិកាចំនួន ២០០០ លានរៀលផងដែរ។ ក្រៅពីផលិតកម្មស្បៀង ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេចជូនអង្គពិធីផងដែរអំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ជាក់ស្តែង នៅខេត្តព្រះសីហនុ ហើយថ្មីៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអនុម័តថវិកា ១៥០ លានដុល្លារដើម្បីរៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងទីរួមខេត្តសៀមរាប។
ចំពោះការចិញ្ចឹមត្រី ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ មន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវខិតខំពុះពារគ្រប់បែបយ៉ាងចុះមកជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង តាមរយ:ការបង្កើនផលិតភាពផលិត ក្លាយវិបត្តិទៅ ជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមតាមគ្រប់រូបភាព។ ត្រូវធ្វើការតាមដាននូវរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រីទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យការចិញ្ចឹម ទទួលបានផលល្អ។ ព្រមជាមួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផលត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច ហើយត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម។ សម្រាប់ថ្ងៃនេះ កសិករចំនួន ៥០គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រីអណ្តែង ៧០០ក្បាល ចំណី ៤បាវ និងតង់ប្លា ស្ទិកចិញ្ចឹមត្រី ១។