នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ លោក Bálint Tombor ទីប្រឹក្សានយោបាយជាន់ខ្ពស់ នៃក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី និង លោក István Bakos ទីប្រឹក្សា ពាណិជ្ជកម្ម នៃស្ថានទូត ហុងគ្រី ប្រចាំទីក្រុងហាណូយ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ ក្នុងជំនួបនេះ លោក Bálint Tombor បានស្នើសុំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញដល់សំណីគម្រោងសម្រាប់ស្នើសុំគម្រោងជំនួយប្រទេសហុងគ្រី ដែលបានពិភាក្សាគ្នា កម្រិតបច្ចេកទេសដោយមន្ត្រីនៃភាគីទាំងពីរកន្លងមក ដូចជា ផលិតកម្មដំណាំ ការកែច្នៃកសិផល ការកែច្នៃអនុផលព្រៃឈើ និងការរកទីផ្សារ ឲ្យបានឆាប់។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណដល់ភាគីហុងគ្រី និងបានកោតសរសើរបច្ចេកវិទ្យាកសិកម្មរបស់ប្រទេសហុងគ្រី និងបានស្នើសុំឲ្យមានការសហការផ្លាស់ប្តូរចំណេះដឹងសម្រាប់មន្ត្រីនិងនិស្សិតសិក្សាជំនាញកសិកម្មរបស់កម្ពុជា។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសន្យានឹងជំរុញគម្រោង ស្នើសុំទៅប្រទេសហុងគ្រី តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យបានឆាប់នាពេលខ្លីខាងមុខនេះ៕