ដើម្បីចូលរួមអបអរសាទរនៃខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទួតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានគោរពអញ្ជើញឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទៅពិនិត្យ និងវាយតម្លៃលើសមិទ្ធផលដែលសម្រេចបានកើតចេញពីកិច្ចសហប្រតិបត្តិការរវាង RUA ជាមួយ USAID ក្រសួងកសិកម្មសហ រដ្ឋអាមេរិក (USDA) និង Kansas State University ក្នុងរយ:ពេលកន្លងមក។ តាមកម្មវត្ថុសម្រាប់ព្រឹកនេះ ឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការបានឲ្យដឹងគឺ៖ ទី១- ពិនិត្យការតាំងបង្ហាញម៉ាស៊ីនកសិកម្មធុនតូច និងឧបករណ៍ដាំប៉េងប៉ោះ ដែលផ្តល់ដោយ USDA និងក្រុមហ៊ុនឯកជនសហរដ្ឋអាមេរិក។ ទី២- ពិនិត្យស្ថានីយ៍វារីវប្បកម្ម និងស្ថានីយ៍ពិសោធន៍ស្រាវជ្រាវការចិញ្ចឹមសត្វ។ ទី៣- ពិនិត្យផ្ទាំង Poster ស្តីពីគម្រោងនានាដែលបានឧបត្ថម្ភដោយ USAID ហើយសហការអនុវត្តន៍ដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ទី៤- ពិនិត្យ និងសម្ពោធស្រះចិញ្ចឹមត្រី និងឧបករណ៍សម្ភារដែលទើបសាងសង់រួច រួចប្រកាសដាក់ឱ្យប្រើប្រាស់សម្រាប់និស្សិត និងសាស្រ្តាចារ្យធ្វើការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមត្រីដល់កសិករ និងមន្ត្រីបច្ចេកទេស។
កម្មវត្ថុទី១ ឯកឧត្តមសាកលវិទ្យាធិការ បានបញ្ជាក់បន្ថែមថាករណីការធ្វើពិសោធន៍សាកល្បងប្រើប្រាស់ទទួលបានជោគជ័យសាកលវិទ្យាល័យនឹងទទួលបាននូវសិទ្ធិផលិត និងលក់ឧបករណ៍នេះ យកថវិកាមកប្រើប្រាស់សម្រាប់ធ្វើការសិក្សាស្រាវជ្រាវរបស់បន្តទៀត។ ដោយឡែកកម្មវត្ថុទី៤ គម្រោងបង្កើតស្រះសិក្សាពិសោធន៍ការចិញ្ចឹមត្រីនេះ គឺជាការចូលរួមគាំទ្រហិរញ្ញវត្ថុពី មជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាពនិងអាហារូបត្ថម្ភរបស់ USAID និងគម្រោង Commercialization of Aquaculture for Sustainable Trade (CAST) របស់ USDA។ ក្រៅពីកម្មវត្ថុទាំង៤ ខាងលើ សាកលវិទ្យាល័យក៏បានរំលេចជូនភ្ញៀវបានជ្រាបផងដែរអំពីកិច្ចសហការអនុវត្តគម្រោងនានាដោយទទួលបានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារ USAID និង USDA និងសាកលវិទ្យាល័យកសិកម្មនៅសហរដ្ឋអាមេរិកទាក់ទងនឹងការស្រាវជ្រាវ ការកសាងសមត្ថភាពមន្រ្តី សាស្រ្តាចារ្យ និងនិស្សិត និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍នវានុវត្តន៍ ប្រពលវប្បកម្មនិរន្តរភាព សាកវប្បកម្ម ការគ្រប់គ្រងចម្រុះលើកត្តាចង្រៃ ប្រព័ន្ធបសុ សត្វ និងសុវត្ថិភាពអាហារ។ល។
បន្ទាប់ពីបានអញ្ជើញពិនិត្យ និងទទួលស្តាប់ការធ្វើអធិប្បាយរបស់អ្នកជំនាញទាំងសហរដ្ឋអាមេ រិក និងសាស្រ្តាចារ្យ ឬនិស្សិតកម្ពុជាអំពីអត្ថប្រយោជន៍របស់ឧបករណ៍កសិកម្មខ្នាតតូច លទ្ធផលស្រាវជ្រាវ និងសកម្មភាពដែលកំពុងដំណើរការបន្ត។ល។ រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលផលិតចេញពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក (USAID, Kansas State University and USDA) ជាមួយព្រះរាជាណា ចក្រកម្ពុជា (RUA)។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា តាមរយ:សមិទ្ធផលដ៏ធំធេងនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ យូអង្វែងរវាងប្រទេសទាំងពីរដែលមានអាយុ ៧០ឆ្នាំមកហើយ។ ភ្ជាប់ទៅនឹងសមិទ្ធផលនេះផងដែរ តាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។ ដោយឡែកចំពោះវិស័យកសិកម្ម ជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេក ទេស និងហិរញ្ញវត្ថុពីរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយ:ទីភ្នាក់ងារ USAID អនុវត្តគម្រោងសំខាន់ៗដូចដែលឯកឧត្តមសាកលវិទ្យាធិការបានរាយការណ៍ជូនជ្រាបខាងលើ។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា លទ្ធផលបានពីការអនុវត្តគម្រោងដែលទទួលបានការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើឲ្យវិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះបានរួមចំណែកយ៉ាងធំធេងក្នុងការផ្សព្វ ផ្សាយ ផ្ទេរ ឬបញ្រ្ជាបបច្ចេកទេសទំនើប ទាន់សម័យ និងសមស្របទៅតាមស្ថានភាពភូមិសាស្រ្ត ដី ទឹក ក្សេត្របរិស្ថាន និងភាតរបរិស្ថាន ក្នុងបំណងបង្កើនផលិតភាពផលិតកម្ម គុណភាព សុវត្ថិភាព ស្របតាមស្តង់ដាទីផ្សារក្នុង និងក្រៅស្រុក និងឈានទៅលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល ធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយការពឹងអាស្រ័យទាំងស្រុងលើធនធានមច្ឆជាតិពីប្រភពធម្មជាតិ តាមរយ:បង្កើនផលិតភាពផលិតកម្មវារីវប្បកម្ម។ល។ ជាថ្មីម្តងទៀត តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹម និងជឿជាក់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែមានការរីកចម្រើនប្រកបដោយនិរន្តរភាព និងជាពិសេសវិស័យឯកជនរបស់សហរដ្ឋអាមេរិកនឹងមកវិនិយោគលើវិស័យកសិកម្មកាន់តែច្រើនឡើងថែមទៀតនាពេលអនាគត។ ដោយឡែក ចំពោះ RUA មហាវិទ្យាល័យជលផល សាស្រ្តាចារ្យ និស្សិត និងអ្នកស្រាវជ្រាវ ត្រូវបន្តក្រេបយកនូវរាល់ចំណេះដឹង បទពីសោធន៍ល្អៗដែលវិស័យឯកជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយ:សាកលវិទ្យាល័យល្បីៗបានផ្កល់ឱ្យ និងជាពិសេសត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងពេញលេញ ប្រយោជន៍ទទួលយកឱកាសដើម្បីពង្រីក ពង្រឹង និងបង្កើនសមត្ថភាពទាំងការបង្រៀន ការស្រាវជ្រាវ ការផ្សព្វផ្សាយ និងអភិវឌ្ឍធនធានមនុស្សសម្រាប់ទុកជាទុកយ៉ាងរឹងមាំក្នុងការកសាង និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើចំណាប់អារម្មណ៍ប្រកបដោយខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅពាក់ព័ន្ធនឹងកម្មវិធីនាពេលនេះ និងជាពិសេសទាក់ទងចំណងការទូតរវាងប្រទេសទាំងពីរដែលមានអាយុ ៧០ឆ្នាំ ហើយតាមរយ:ចំណងការទូតនេះធ្វើឱ្យយើងមានថ្ងៃនេះ ហើយដែលសមិទ្ធផលទទួលបានពីកិច្ចសហប្រតិបត្តិការនេះ បានចូលរួមចំណែកយ៉ាងមាន ប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស ដែលពួលគេនឹងចូលជាចលករក្នុងការរុញច្រាន ពន្លឿនវិស័យកសិករឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ហើយដែលការរីកចម្រើននេះ ពិតជាបានរួមចំណែកក្នុងលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល និងនិរន្តរភាពសេដ្ឋកិច្ច។ ឯកឧត្តមឯកអគ្គរដ្ឋទូត សន្យាថានឹងបន្តជួយឧបត្ថម្ភគាំទ្រដើម្បីអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀតក្នុងអាណត្តិរបស់លោក។