នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកម្មវិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE នៅសណ្ឋាគារសាន់អេនម៉ូនភ្នំពេញ។
ក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ សម្តែងនូវក្តីសោមនស្សរីករាយដែលបានអញ្ជើញចូលរួមកម្មវិធីបិទក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE ហើយឯកឧត្តមរដ្ឋលេខាធិការ សូមធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលអនុវត្តគម្រោង CRAS ដែលបានជួយចែករំលែកចំណេះដឹង និងបច្ចេកទេសដល់កសិករ ពង្រឹងសមត្ថភាពរបស់សហគ្រាសតូច-មធ្យម និងការចាប់យកឱកាសទីផ្សារក្នុងវិស័យកសិកម្ម។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថាការបង្កើតគម្រោង CAPSAFE មានគោលបំណងបង្កើននិរន្តរភាព ភាពប្រកួតប្រជែង និងបរិយាប័ន្នរបស់ខ្សែច្រវាក់តម្លៃកសិផលម្រេច និងស្វាយចន្ទី ដែលមានតម្លៃខ្ពស់ សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំដល់បណ្តាដៃគូពាក់ព័ន្ធ ត្រូវគាំទ្រលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាស្ថេរភាពថ្លៃ ព្រមទាំងចូលរួមសហការជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ និងបន្តសហការចែករំលែកព័ត៏មានឱ្យបានគ្រប់ជ្រុងជ្រោយ ជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទី និងម្រេចនៅកម្ពុជា។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញលុបបំបាត់ចោលនូវការចរាចរពូជដែលគ្មានគុណភាព និងមានភ្ជាប់នូវសមាសភាពចង្រៃ ព្រមទាំងលុបបំបាត់ការប្រើប្រាស់ធាតុចូលកសិកម្មដែលគ្មានគុណភាពនិងបង្កគ្រោះថ្នាក់ ដោយជំនួសមកវិញនូវការប្រើប្រាស់ធាតុចូលកសិកម្មអោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស៕