ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យក្រុមហ៊ុន ដែលទទួលដីសម្បទានសេដ្ឋកិច្ចយកទៅវិនិយោគចម្ការកៅស៊ូគោរព និងអនុវត្តនូវកិច្ចសន្យាឲ្យបានត្រឹមត្រូវ។ មន្ត្រីខុទ្ឋកាល័យឯកឧត្តមរដ្ឋមន្ត្រីបានប្រាប់កាលពីថ្ងៃទី១០ ខែឧសភានេះ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថាកាលពីដើមសប្តាហ៏នេះ នៅពេលដែលឯកឧត្តម បានចុះទៅពិនិត្យស្ថានភាពដំណាំកៅស៊ូរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច រតនៈស្តោន នៅក្នុងស្រុកស្នូល ខេត្តក្រចេះថា ក្រុមហ៊ុនចំការកៅស៊ូ ត្រូវតែបំពេញកិច្ចការណាដែលមិនទាន់បានបញ្ចប់ ហើយមានចែងនៅក្នុងកិច្ចសន្យា។
កិច្ចការដែលក្រុមហ៊ុន ត្រូវបំពេញឲ្យបាននោះ គឺការបង់ប្រាក់កក់ធានាកិច្ចសន្យា កាចុះបញ្ជីដីជាដីឯកជនរបស់រដ្ឋ ហើយអ្វីដែលត្រូវធ្វើទៀតនោះ គឺការធ្វើរបាយការណ៏វាយតម្លៃផលប៉ះពាល់បិស្ថាននិងសង្គម។ ឯកឧត្តមបានបញ្ជាក់ថា” ការប្រមូលឈើក្រៅពីតំបន់អនុញ្ញាត ត្រូវហាមឃាត់ជាដាច់ខាត” ។
ក្រៅពីបញ្ហាខាងលើនេះ ក៏បានជំរុញឲ្យក្រុមហ៊ុនខិតខំប្រមូលកាកសំណាល់ឈើ ដែលបានពីការឈូសឆាយ ឲ្យអស់ពីលទ្ឋភាព និងបង់ពន្ឋជូនរដ្ឋឲ្យបានរាស់រាន់ ពិសេសមិនត្រូវប៉ះពាល់ព្រៃដែលរក្សាទុក។ ហើយក៏ត្រូវយកចិត្តទុកដាក់ នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ ដូចជាមណ្ឌលសុខភាព សាលារៀន ជាដើមសំដៅបម្រើឲ្យផ្នែកសុខភាព ការអប់រំដល់កូនចៅជំនាន់ក្រោយ។
ក្រុមហ៊ុនរតនៈស្តោន គឺជាក្រុមហ៊ុនមួយ ដែលបានបានទទួលដីសម្បទានសេដ្ឋកិច្ចទំហំ៤៧៩ ហិកតា ដើម្បីវិនិយោគដំណាំចម្ការកៅស៊ូ កាលពីខែកញ្ញា ឆ្នាំ២០០៨ ។ មកដល់ពេលនេះក្រុមហ៊ុននេះបានឈូសឆាយ និង ដាំកៅស៊ូបានសរុបចំនួន៤៦១ ហិកតា។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសសើរ ចំពោះការខិតប្រឹងប្រែងអនុវត្ត របស់ក្រុមហ៊ុនដែលបានសម្រេចការដាំដុះស្ទើរតែ ១០០ភាគរយ ។ ឯកឧត្តមបានឲ្យដឹងថា ការលើកស្ទួយការវិនិយោគផ្នែកកសិ-ឧស្សាហកម្ម ជាពិសេសគឺបានបង្កើតការងារផ្តល់ប្រាក់ចំណូល និងអាចចូលរួមផ្តល់ការងារធ្វើ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋាន៕