នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុនរដ្ឋមន្រ្តី បានអនុញ្ញាតឲ្យក្រុមទីប្រឹក្សាបច្ចេកទេស វាយតម្លៃគម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាជំហ៊ានទី២ (Cambodia Agricultural Value Chain Program II-CAVACII) ដែលទទួលហិរញ្ញប្បទានឥតសំណង ពីរក្រសួងការបរទេស នៃរដ្ឋាភិបាលអូស្រ្តាលី ។ សូមបញ្ចាក់ថា៖ កម្មវិធីខ្សែចង្វាក់តម្លៃសិកម្មកម្ពុជាជំហ៊ានទី២(CAVAC II) ជាកម្មវិធីបន្តពីកម្មវិធីជំហ៊ានទី១(CAVAC I) ដែលជាប្រភេទជំនួយឥតសំណងមានរយៈ ៦ឆ្នាំនៅកម្ពុជា ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ ដោយផ្តោតទៅលើប្រភេទដំណាំ(ផែ្នកសិកម្ម) និងការកែលម្អប្រព័ន្ធស្រោចស្រព ដែលមានថវិកាសរុប ៨៩.៧០ លានដុល្លាអូស្រ្តាលី។
កម្មវិធី CAVAC II ក្នុងគោលបំណងបង្កើនផលិតភាពនិងប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូចនិងពាណិជ្ជកម្មស្រូវអង្ករ និងដំណាំផ្សេងៗ (ដំណាំបន្លែ និងដំណាំស្បៀងផ្សេងៗ)និងពង្រឹងប្រព័ន្ធទីផ្សារ និងវិនិយោគហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព។ លទ្ធផលបញ្ចប់កម្មវិធី CAVAC II នឹងទទួលបានៈ ១៣៥.០០០ គ្រួសារកសិករខ្នាតតូចនឹងទទួលបានចំណេះដឹង និងអនុវត្តបច្ចេកទេសកសិកម្ម ២៥០.០០០ គ្រួសារកសិករខ្នាតតូចនិងទទួលបានផលពីការស្រោចស្រពដោយនិរន្តរភាព និងពូជស្រូវថ្មីចំនួន៥នឹងបានបញ្ចេញនិងប្រើប្រាស់ក្នុងផលិតកម្ម។ កម្មវិធីCAVAC II អនុវត្តលើសមាសភាគបីធំៗគឺ៖
១. ផ្នែកបង្កើនផលិតភាព និងពិពិធកម្មកសិកម្មកម្ពុជា ដោយផ្តោតលើការកែលម្អខ្សែចង្វាក់តម្លៃកសិកម្មពីធាតុចូលនិងលទ្ធផលទីផ្សារដោយបន្តអនុវត្តលើទីផ្សារជីនិងថ្នាំកសិកម្ម និងពិពិធកម្មដំណាំមានដំណាំដំឡូងមី ពពួកសណ្តែក ពោត បន្លែ និងឈើហូបផ្លែ។
២.ផ្នែកស្រោចស្រពនិងការគ្រប់គ្រងទឹក ដោយផ្តោតលើឱ្យមានទឹកស្រោចស្រពគ្រប់គ្រាន់ និងមាននិរន្តរភាពស្រោចស្រពនឹងបន្តរៀបចំផែនការ ការស្តារ និងកសាងប្រព័ន្ធស្រោចស្រពនៅខេត្តតាកែវ ព្រៃវែង កណ្តាល និងខេត្តត្បូងឃុំ។
៣. ផ្នែកការកែច្នៃអង្ករនិងការនាំចេញ ដោយផ្តោតឱ្យមានពូជស្រូវថ្មីៗគ្រប់គ្រាន់ និងប្រើប្រាស់ក្នុងផលិតកម្ម ដោយឆ្នាំ ២០១៦ បានគាំទ្រការអភិវឌ្ឍគោលនយោបាយ និងបទដ្ឋានគត្តិយុត្តស្តីពីពូជដំណាំ ដោយភាពជាដៃគូរវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងសហព័ន្ធស្រូវអង្ករកម្ពុជា និងអង្គការ សមាគម និងក្រុមហ៊ុន ពូជដំណាំឯកជននានា តាមរយៈសិក្សាវាយតម្លៃ ការរៀបចំវេទិកា និងកិច្ចប្រជុំនានា។ល។