កម្មវិធីចុងក្រោយសម្រាប់ព្រឹកសៅរ៍ដដែល ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញ បានចូលរួមអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម ជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកង្កែប មាន់ខ្មៅ និងត្រីអណ្តែង របស់លោក សៀង ឈឿន នៅភូមិព្រែកភ្នៅ ឃុំព្រែកភ្នៅស្រុកពារាំង ខេត្តព្រៃវែង និងកម្មវិធីចុងក្រោយមួយទៀត នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី មកកាន់ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។ នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញចុះទៅពិនិត្យ ការចិញ្ចឹមត្រីនៅស្រុកបាធាយ ខេត្តកំពង់ចាម ការចិញ្ចឹមកន្ធាយ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងការចិញ្ចឹមកង្កែប នៅស្រុកពារាំង និងការចិញ្ចឹមត្រីនៅស្រុកពាមរក៍ ខេត្តព្រៃវែងរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម ជា សុមេធី អភិបាលនៃគណអភិបាលខេត្ត បន្តដំណើរមកពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលជាកន្លែងចាប់ផ្តើមនៃភាពជោគជ័យរបស់អ្នកចិញ្ជឹមត្រី កន្ធាយ និងកង្កែបទាំង៣ ខេត្តដោយសារបានទទួលយកបច្ចេកទេសចិញ្ចឹម ផលិតចំណី បង្កាត់ ពូជ ពីមជ្ឈមណ្ឌលមួយនេះ។