នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលព្រៃវែង មន្ត្រីក្រោមឱវាទ និងគណៈកម្មការសហគមន៍នេសាទ បឹងស្នេហ៍ ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដែលមានកម្លាំងសរុប១៥នាក់ ប្រើប្រាស់កាណូត២គ្រឿង ចុះនៅចំណុចអូរអញ្ចាញ(បឹងស្នេហ៍) ជាតំបន់ទេសចរណ៍សម្បូរទៅដោយសត្វស្លាបរាប់ម៉ឺនក្បាល ដែលស្ថិតនៅភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ជាលទ្ធផលនៃប្រតិបត្តិការបង្រ្កាបនោះ បានចំនួន១ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុងល្មើសច្បាប់ ត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទរួមមាន៖ លូស្បៃមុងចំនួន២៨មាត់ របាំងព្រួលស្បៃមុងប្រវែង១ ៨៧០ម៉ែត្រ បង្គោល ចម្រឹងឬស្សីចំនួន៤៦០ដើម នឹងបានចាក់លែងត្រីចម្រុះទម្ងន់៣០ គ.ក្រទៅក្នុងបឹងធម្មជាតិវិញ ។
ទន្ទឹមនឹងនោះដែរ ក្រុមការងារពាក់ព័ន្ធទាំងអស់ នឹងបន្តទិសដៅត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាស្រុកផ្សេងៗទៀត ក្នុងខេត្តព្រៃវែង រួមទាំងបន្តផ្សព្វផ្សាយដល់ប្រជានេសាទឱ្យបញ្ឈប់ការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ជាដើម៕