នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាសមាជិកនៃគណៈកម្មការសួនកសិ-ឧស្សាហកម្មនៅកម្ពុជា នៃកម្មវិធី CAPRED បានចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការសួនកសិ-ឧស្សាហកម្មនៅកម្ពុជា នៃកម្មវិធីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការ ជាមួយលោកស្រី Amber CERNOVS លេខាទូតទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាព និងផែនការការងារសម្រាប់អនុវត្តគម្រោងបង្កើតសួនកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយផ្តោតលើកញ្ចប់គាំទ្រការអភិវឌ្ឍគម្រោង នីតិវិធី និងលក្ខណៈវិនិច្ឆ័យជ្រើសរើសគម្រោង។ នៅពេលចាប់ផ្ដើមដំណើរការ សួនឧស្សាហកម្មនេះនឹងទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស មកសាងសង់សួនកសិ-ឧស្សាហកម្ម ដើម្បីកែច្នៃ និងជំរុញការនាំចេញផលិតផលកសិកម្មគន្លឹះរបស់កម្ពុជា៕