នារសៀលថ្ងៃដដែល បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិរួចមក ឯកឧត្តម រដ្ឋមន្រ្តីបានអនុញ្ញាតឲ្យលោកស្រីVeena Reddy នាយិការងបេសកកម្មនៃអង្គការ USAID ចូលជួបពិភាក្សាការងារ។ មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តីតាមរយៈលោកស្រីសូមថ្លែងអំណរគុណជូនចំពោះអង្គការ USAID ដែលបានយកចិត្តទុកដាក់ផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួង អង្គភាពក្រោមឱវាទ ព្រមទាំងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងនូវសំណើដែលក្រសួងចង់ឲ្យគាំទ្រនិងជួយឧបត្ថម្ភពីអង្គការ USAID គឺ
ទី១-ច្បាប់ស្តីពីការធ្វើ កសិកម្មតាមកិច្ចសន្យា
ទី២- ច្បាប់ស្តីពីគុណភាព សុវត្ថិភាព នៃផលិតផលកសិកម្ម និង
ទី៣- គោលការណ៍ណែនាំនៃការអនុវត្តអនាម័យបានល្អ។ សំណើទាំងបីចំណុចនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនលោកស្រីថា បទដ្ឋានគតិយុត្តទាំង៣នេះមានលក្ខណៈប្រទាក់ក្រឡា គ្នាយ៉ាងសំខាន់ក្នុងខណៈដែលកម្ពុជាកំពុងតែបង្កើនការជឿទុកចិត្តរវាងអ្នកផលិត អ្នកប្រមូលទិញនិងអ្នកកែច្នៃដោយឈរលើ គោលការណ៍នៃការអនុវត្តច្បាប់ស្តីពីការធ្វើកសិកម្មតាមកិច្ចសន្យា។ ម៉្យាងវិញទៀត ដើម្បីបង្កើន និងជំរុញការផលិត ឬការកែច្នៃផលិតផលដែលមានគុណភាព សុវត្ថិភាពនិងអនាម័យឆ្លើយតាមតម្រូវការទាំងទីផ្សារក្នុងនិងក្រៅស្រុក នោះគឺត្រូវអនុវត្តច្បាប់ស្តីពីគុណភាព សុវត្ថិភាព នៃផលិតផលកសិកម្មឲ្យបានសមស្រប។ ជាមួយគ្នានេះដែរ យើងគួរជំរុញការអនុវត្តស្តង់ដារអនម័យ ជាតិ ឲ្យក្លាយទៅជាស្តង់ដារមួយដែលអន្តរជាតិទទួលស្គាល់នាពេលអនាគត។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសើ្នឲ្យអង្គ ការ USAIDពិនិត្យពិចារណាទៅលើការគ្រប់គ្រងគម្រោងដែលទាក់ទងនិងវិស័យកសិកម្មគួរមានការចូលរួមផ្តល់មតិពីមន្រ្តីពាក់ព័ន្ធក្រោម ឱវាទក្រសួង និងគួរមានកិច្ចប្រជុំជាប្រចាំដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃសកម្មភាព និងលទ្ធផលរបស់គម្រោង។
ជាការឆ្លើយតបលោកស្រី បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការីដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយអង្គការ USAID បានយ៉ាងល្អ ស្តែងចេញពីលទ្ធផលនេះធ្វើឲ្យការអនុវត្តគម្រោងទទួលបានជោគជ័យនាពេលកន្លងមក។
ទាក់ទងនិងសំណើគម្រោងទាំង៣ របស់ឯកឧត្តមរដ្ឋមន្រ្តី លោកស្រីបានបញ្ជាក់ថាគឺពិតជាសមស្របតាមផែនការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ហើយលោកស្រីសូមទទួលយកសំណើនេះ ដើម្បីធ្វើការពិចារណា និងសម្រេច ហើយលោកស្រីក៏បានឯកភាពតាមសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលចង់ឲ្យមានមន្រ្តីជំនាញរបស់ក្រសួងបានចូលរួម សហការតាមដានអនុវត្តគម្រោង និងវាយតម្លៃស្តីអំពីវឌ្ឍនភាពនៃសកម្មភាពគម្រោង នៅគ្រប់កម្រិត ផងដែរ។ ជំនួបត្រូវបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងសហការគ្នាបានយ៉ាងល្អប្រសើរ។