កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្មួយៗនិស្សិតដែលនឹងត្រៀមខ្លួនចេញទៅបំពេញកម្មសិក្សានៅប្រទេសអ៊ីស្រាអែលក្នុងឆ្នាំសិក្សាថ្មី២០១៧-២០១៨។ នាឪកាសនេះឯកឧត្តមង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានរាយការណ៍ជូនអង្គពិធីជ្រាបថាដោយមានការសហការយ៉ាងល្អរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្មនិងក្រុមហ៊ុន Agro Studies របស់ប្រទេសអ៊ីស្រាហែល បានបង្កើតគម្រោងកម្មសិក្សានេះឡើងក្នុងឆ្នាំ២០០៨ គិតមកទល់បច្ចុប្បន្នមាននិស្សិត សរុបចំនួន ៤៦៨ នាក់ដែលបានបញ្ជូនឲ្យទៅធ្វើកម្មសិក្សាតាមជំនាញនីមួយៗនៅប្រទេសអ៊ីស្រាអែលសម្រាប់ ឆ្នាំសិក្សា ២០១៧ ២០១៨ នេះសាកលវិទ្យាល័យនឹងត្រៀមបញ្ជូននិស្សិតសរុបចំនួន ២១០ នាក់ ក្នុងនោះនិស្សិតមក ពីសាលាជាតិកសិកម្មព្រែកលៀបចំនួន ១០ នាក់ និងសាលាជាតិកសិកម្មកំពង់ចាមចំនួន ១០ នាក់ផងដែរ។ កម្មសិក្សានេះមានរយៈពេល ១១ ខែ សម្រាប់និស្សិតឆ្នាំទី ៣ គ្រប់ជំនាញដោយត្រូវទៅសិក្សាទាំងទ្រឹស្តីក្នុងថ្នាក់ និងអនុវត្តជាក់ស្តែងនៅចំការឬក្នុងកសិដ្ឋានផ្ទាល់តែម្តង។ គម្រោងនេះតម្រូវឲ្យសិក្ខាកាមទាំងអស់ទទួលខុសត្រូវលើការធ្វើដំណើរ ការស្នាក់នៅ និងអាហារ ប៉ុន្តែនិស្សិតនឹងទទួលបានប្រាក់ខែក្នុងអំឡុងពេលកម្មសិក្សានេះ។ មានមតិផ្តាំផ្ញើដល់និស្សិតនាឪកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីសូមកោតសរសើរចំពោះសាកលវិទ្យាល័យភូមិន្ទកសិកម្មដែលបានខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិល្អជាមួយក្រុមហ៊ុន Agro-Studie ក្នុង ការ ផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី៣ ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្មឱ្យបាន ទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលដែលចំនួនសិក្ខាកាមមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គិតមកដល់ពេលបច្ចុប្បន្ននេះមានរយៈពេល១០ឆ្នាំហើយ ។
ឆ្លៀតយកឪកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជាគន្លឹះល្អៗមួយចំនួនដើម្បីជាជំនួយស្មារតីដល់ក្មួយៗនិស្សិតដែលត្រៀមខ្លួនចេញទៅចូលរួមក្នុងកម្មវិធីនេះយកទៅគិតគូពិចារណានិងប្រតិបត្តិ ឲ្យបានត្រឹមត្រូវក្នុងនោះមាន
ទី១.ត្រូវខិតខំសិក្សារៀនសូត្រនិងក្រេបជញ្ជក់យកបទពិសោធន៍និងចំណេះដឹង ចំណេះធ្វើផ្សេងៗ ទាំងបច្ចេកទេសកសិកម្ម និងការគ្រប់គ្រងកសិដ្ឋានដើម្បីពង្រឹងគុណភាពសិក្សា សមត្ថភាពចំណេះដឹងនិងទេពកោសល្យជំនាញសម្រាប់អនាគតរបស់ខ្លួនយើង
ទី២.ត្រូវគោរពច្បាប់ ទម្លាប់ ប្រពៃ ណី វប្បធម៌ និងទំនៀមទំលាប់របស់ប្រទេសគេ ត្រូវប្រកាន់ខ្ជាប់នូវវិន័យក្នុងការងារ ឧស្សាហ៍ព្យាយាម និងថែរក្សាប្រពៃណី វប្បធម៌ជាតិ និងទំនៀមទម្លាប់ដែលជាកេរ្តិ៍មរតករបស់ខ្មែរយើងឱ្យបានខ្ជាប់ខ្ជួន។ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពផ្ទាល់ខ្លួននិងសុវត្ថិភាពការងារជាចម្បង។ ត្រូវចេះថែរក្សា ជួយយកអាសារគ្នាទៅវិញទៅមក ក្នុង ស្មារតីសាមគ្គីភាព ភាតរភាព
ទី៣.ត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយមិត្តនិស្សិតអន្តរជាតិទាំងអស់ ដែល រស់ នៅរៀនសូត្រនិងបំពេញការងារជាមួយគ្នា និងមិនត្រូវចូលរួមពាក់ព័ន្ធរឿងនយោបាយនៅក្នុងប្រទេសគេទ្បើយ
ទី៤.ត្រូវធ្វើការស្រាវជ្រាវបំពេញបន្ថែមលើទ្រឹស្តីដែលបានសិក្សាកន្លងមក ធ្វើឲ្យប្រាកដថា សមត្ថភាពរបស់ ខ្លួន នឹងអាចរួមចំណែកសកម្មក្នុងការអភិវឌ្ឍន៏សង្គមជាតិ ក្រោយពីបានបញ្ចប់ការសិក្សានេះ។
ទី៥. ក្មួយៗនឹងត្រូវប្រឡូកនៅក្នុងសាលារៀននៃជីវិតជាក់ស្តែង ដើម្បីកសាងជីវភាពផ្ទាល់ខ្លួនផង វាសនាអនាគតរបស់គ្រួសារផង និងដើម្បីបំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួន ដែលជាការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ជាតិ ក្នុងនាមជាពលរដ្ឋល្អម្នាក់។ ដូច្នេះ ក្មួយៗត្រូវបន្តប្រកាន់ខ្ជាប់នូវស្មារតីតស៊ូព្យាយាម អំណត់ អត់ធន់ សកម្មប្រយុទ្ធនៅក្នុងការងារ។ នេះជាឪកាសដ៏ល្អរបស់ក្មួយៗដែលត្រូវក្រេបជញ្ជក់យកទាំងចំណេះជំនាញ និងបទពិសោធន៍ដើម្បីអភិវឌ្ឍខ្លួនឲ្យកា្លយជាបុគ្គលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ ឬអនុវត្តបច្ចេកវិទ្យាថ្មីៗនាពេល អនាគតក្រោយពេលក្មួយៗត្រឡប់មកមាតុភូមិវិញ។