តបតាមការគ្រោងទុកនៅក្នុងជំនួបកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃសុក្រ ០៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ នេះមានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា(MOU) ស្តីពីការរៀបចំសិក្សាសមិទ្ធិលទ្ធភាពនៃការស្តារព្រៃឈើនិងឧទ្យានអេកូឡូស៊ីឡើងវិញ រួមគ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Elion Resource Group ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និង លោក Wang Wenbiao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Elion Resource Group។
សូមបញ្ជាក់ជូនថា គោលបំណងនៃពិធីចុះហត្ថលេខានាពេលនេះ គឺដើម្បីគាំទ្រដល់កម្មវិធីព្រៃឈើជាតិរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងឱនភាពដី ក្នុងន័យគាំទ្រដល់ការអភិវឌ្ឍទាំងប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចជាតិ ដោយគ្រោងនឹងអនុវត្តតាមបទពិសោធន៍របស់ក្រុមហ៊ុន Elion ដែលបានអភិវឌ្ឍនទីតាំង Kubuqi នៅជិតទីក្រុងប៉េកាំង ពីតំបន់វាលខ្សាច់ទៅជាទីក្រុងបៃតង។ ភាគីទាំងពីរបានឯកភាពគ្នាជ្រើសរើសទីតាំងសួនសត្វភ្នំតាម៉ៅស្ថិតក្នុងខេត្តតាកែវ និងចំការដាំឈើក្រញ៉ូងស្ថិតក្នុងខេត្តសៀមរាប ដើម្បីធ្វើការសិក្សារួមគ្នា។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ក្រុមការងារទាំងពីរភាគី ដែលបានសម្រេចបាននូវ MOU ក្នុងរយៈពេលដ៏ខ្លី។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ពិធីចុះហត្ថលេខានេះ ជាការរួមចំណែកមួយដ៏សំខាន់ក្នុងការរឹតចំណង យុទ្ធសាស្រ្តវិថីមួយខ្សែក្រវ៉ាត់មួយ របស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង។ ឯកឧត្តមរដ្ឋមន្រ្តី ក៏សង្ឃឹមផងដែរថា ក្រោយពីការចុះហត្ថលេខារួច ភាគីទាំងពីរអាចរៀបចំក្រុមការងារ និងចាប់ផ្តើមអនុវត្តការសិក្សាបានឆាប់រហ័ស ដើម្បីឈានទៅធ្វើការអភិវឌ្ឍរួមគ្នានាពេលខាងមុខនេះ។ លោក Wang Wenbiao ក៏បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានទទួលស្វាគមន៍ប្រតិភូរបស់លោក បានយ៉ាងកក់ក្តៅ និងសម្រេចបាននូវ MOU ក្នុងរយៈពេលដ៏ឆាប់បំផុត។ រយៈពេលនៃទស្សនកិច្ចរបស់លោក ប៉ុន្មានថ្ងៃកន្លងមកនេះ លោកបានចាប់អារម្មណ៍ឃើញថា ទីក្រុងភ្នំពេញកំពុងធ្វើការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ហើយលោកក៏មានបំណងចូលរួមសហការអភិវឌ្ឍទីក្រុងបៃតង នៅកម្ពុជាផងដែរ។ ឆ្លៀតឱកាសនេះ លោក Wang Wenbiao ក៏បានអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូកម្ពុជា ក្នុងពេលវេលាណាមួយសមស្រប ដើម្បីអញ្ជើញទស្សនកិច្ចក្រុមហ៊ុនរបស់លោក និងស្វែងយល់បន្ថែមពីការអភិវឌ្ឍបៃតងនៅទីក្រុងប៉េកាំង។ តាមរយៈពិធីចុះហត្ថលេខានាពេលនេះ លោកក៏បានសង្ឃឹមផងដែរថា ការចូលរួមរបស់ក្រុមហ៊ុនលោក នឹងគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៏ប្រកបដោយចីរភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។