នាព្រឹកថ្ងៃអាទិត្យ១១កើត ខែផល្គុន នព្វស័ក ២៥៦១ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ គ.ស ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ ឯកឧត្តម នុត ច័ន្ទសុខា អនុរដ្ឋលេខាធិការ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានអញ្ជើញទៅពិនិត្យចំការត្រសក់ផ្អែម ឬហៅថាមេឡុង របស់កសិករ ខាន់ អុល ស្ថិតនៅភូមិកោះរការក្នុង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លោកពូ ខាន់ អុលបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថាគាត់បានទទួលចំណេះដឹងនៃការដាំមេឡុងនេះ តាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រនៅជុំវិញបឹង ទន្លេសាប ទោះបីគម្រោង នេះបានបញ្ចប់ក៏ដោយ ក៏លោកនៅតែរក្សាចំណេះដឹងនិងអនុវត្តដាំដំណាំរហូតមកទល់បច្ចុប្បន្ន ព្រោះជាដំណាំមានប្រាក់ចំណូលខ្ពស់ ក្នុង១ឆ្នាំអាច ទទួលបានជាង ២០០០ $ តែក៏អាស្រ័យនឹងលក្ខខណ្ឌអំណោយផលផងដែរ។ ភ្លក់សាករស់ជាតិមេឡុង របស់កសិករបណ្តើរ មានមតិណែនាំបណ្តើរឯកឧត្តមរដ្ឋមន្រ្តី បានជូនជា យោបល់ថាការប្រកាន់យកអាជីពកសិកម្មណាមួយជាក់លាក់ ច្បាស់លាស់ នោះធ្វើឲ្យ សេដ្ឋកិច្ចគ្រួសារ មានស្ថេរភាព ហើយត្រូវសិក្សារបន្ថែមផងដែរនូវរដូវដាំដុះ ការដាំវិលជុំ និងតម្រូវការទីផ្សារឲ្យបានច្បាស់លាស់ចៀសវាង ដាំលើសតម្រូវការ ជោរជន់ នាំឲ្យតម្លៃកសិផលធ្លាក់ចុះ ខ្វះទីផ្សារ ទីបំផុតបោះបង់របរ រួចធ្វើចំណាកស្រុក។ ការផ្គត់ផ្គង់ត្រូវឲ្យមាននិរន្តរភាពទាំងបរិមាណនិងគុណភាព ទើបយើងរក្សាតម្លៃបានថេរល្អ។ បើទោះបីគម្រោងបានបញ្ចប់តែពូ ខាន់ អុល នៅតែរក្សាបាននូវរបរដាំមេឡុងនេះបានចាត់ទុកថាជាកសិករគំរូ ឯកឧត្តមរដ្ឋមន្រ្តីសូមកោតសរសើរដោយស្មោះ និងបន្តជួយគាំទ្រ និងលើកទឹកចិត្តបន្តទៀត។ ចំពោះទីផ្សារ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំលោកប្រធាន មន្ទីរត្រូវខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពរកទីផ្សារជូនកសិករ បើអាចគួរធ្វើទំនាក់ទំនងជាមួយសណ្ឋាគារ ហាង និងភោជនីយដ្ឋានធំៗក្នុងខេត្ត នៅរាជធានីភ្នំពេញ និងក្រុមហ៊ុន ដែលអាចនាំចេញដើម្បីឲ្យជួយទិញ ឬផ្សព្វផ្សាយផលិតផលរបស់កសិករ។