នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ នៅវត្តកោះប៉ែន ភូមិកោះប៉ែនខ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាមមានរៀបចំវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន ១០០០នាក់។ ឆ្លៀតក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរលោកតែងតែខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតាមដានជាប្រចាំនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយមានការយកចិត្តទុកដាក់ខ្ពស់។ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីគុណប្រយោជន៏នៃសន្តិភាព ដែលបានមកពីការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ដូច្នេះប្រជាពលរដ្ឋគ្រប់ៗរូបត្រូវរួមគ្នារក្សានូវសុខសន្តិភាពនេះអោយបានគង់វង្ស។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកំពុងខិតខំ កសាងនូវសមិទ្ធផលសំខាន់ៗដូចជាផ្លូវថ្នល់ ស្ពាន វត្តអារាម សាលារៀន បណ្តាញផ្គត់ផ្គង់អគ្គិសនី កំពង់ផែ និងព្រលានយន្តហោះអន្តរជាតិថ្មីផងដែរ។ចំពោះបញ្ហាទីផ្សារកសិកម្មបច្ចុប្បន្ន ក្រសួងកំពុងខិតខំស្វែងរកទីផ្សារតាមរយៈការសហការវិនិយោគលើការកែច្នៃផលិតផលកសិកម្មសម្រាប់ការនាំចេញ។នៅក្នុងឱកាសវេទិកានេះ ប្រជាពលរដ្ឋរស់នៅក្នុង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលើកឡើងនូវបញ្ហាប្រឈម ដូចជា បញ្ហាខូចខាតផ្លូវលំ ស្នើសុំកុំព្យូទ័រ សំលៀលបំពាក់ប្រជាការពារ វិទ្យុទាក់ទង ជួសជុលសាលារៀន និងកសាងវត្តអារាម។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានដោះស្រាយជូនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងចាត់អោយ ក្រុមការងារបន្តតាមដានចំពោះការអនុវត្តសំណើទាំងអស់អោយមានប្រសិទ្ធភាព។