រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តចុះសំណេះសំណាលនិងពិនិត្យការដាំដុះរបស់កសិករគំរូ លោកស្រី លឹម សុភាព ដែលជាសមាជិកគ្រួសារមួយក្នុងចំណោម ៣ គ្រួសារដែលខំព្រឹងប្រែងបង្កើតជាសហគមន៍ដាំដុះបន្លែ និងទំពាំងបារាំង Asparagus នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន។ សូមបញ្ជាក់ផងដែរថាសហគមន៍នេះកំពុងដាំដុះលើផ្ទៃដីសរុប ៥ ហិចតា ដោយមាន ទំពាំងបារាំង ១ រ៉ៃ ដំឡូងម៉ី ២ ហិចតា និង ពោត ២ ហិចតា។ ចំពោះទំពាំងបារាំងលោកស្រី លឹម សុភាព បានបញ្ជាក់បន្ថែមថា គាត់បានដាំរយះពេល ១៤ ខែ មកហើយ ដោយមានលទ្ធភាពប្រមូលផលជារៀងរាល់ថ្ងៃពី ៧ គីឡូក្រាម ទៅ ២៨ គីឡូក្រាម។
ទន្ទឹមនឹងនេះ ការប្រមូលផលពីទំពាំងបារាំងរបស់កសិករគំរូមួយរូបនេះបានជួយក្រុមគ្រួសារគាត់រកប្រាក់ចំណូលបន្ថែមជាមធ្យមជាង ៣ លានរៀល ក្នុងមួយវគ្គ ស្មើនឹងរយះពេល ៦០ ថ្ងៃ។ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តីក៏បានបន្តចុះពិនិត្យមើលការដាំដុះបន្ថែមទៀតរបស់កសិករ ស៊ូ ប៊ុន្នី ដែលមានផ្ទៃដីដាំដុះសរុបចំនួន៧ហិកតា ក្នុងនោះមានដំណាំមៀន និងស្រកានាគចំនួន៥ហិកតាកន្លះ និងផ្ទៃដី១ហិកតាកន្លះ ដាំដុះទំពាំងបារាំងផងដែរ។