នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិភាក្សាលទ្ធផលគម្រោង "Community Action for Sustainable Forest (CASFor)” នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីបានស្តាប់បទបង្ហាញអំពីគម្រោង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំក្រុមការងារគម្រោងត្រូវពិនិត្យលើគោលដៅ និងផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដោយត្រូវយកចិត្តទុកដាក់លើការចូលរួម និងថែរក្សាព្រៃឈើឱ្យមានប្រសិទ្ធភាពខ្ពស់ ឈរលើជំហរយុទ្ធសាស្ត្រឈ្នះៗ ដើម្បីលើកស្ទួយសហគមន៍ព្រៃឈើឱ្យមានភាពរីកចំរើន រឹងមាំ និងមានភាពម្ចាស់ការលើការគ្រប់គ្រងនិងអភិរក្ស ធ្វើឱ្យជីវភាពប្រជាជនមានភាពប្រសើរឡើង និងមាននិរន្តរភាព។
បើតាម ឯកឧត្តមរដ្ឋមន្រ្តី ការងារព្រៃឈើនេះ ចាំបាច់ត្រូវមានចូលរួម និងសហការគ្នាល្អ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានដីព្រៃរបស់រដ្ឋ និងបទល្មើសព្រៃឈើផ្សេងៗ។ លើសពីនេះទៀត ត្រូវយកចិត្តទុកគិតគូរលើការងារផ្សព្វផ្សាយទាំងការងារបច្ចេកទេស និងនយោបាយ ព្រមទាំងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។
សូមជម្រាបជូនថា គម្រោងសកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ CASFor នេះ មានគោលបំណង ដើម្បីជំរុញការគ្រប់គ្រងធនធានព្រៃឈើតាមសហគមន៍ប្រកបដោយនិរន្តរភាព និងបង្កើនកម្រិតជីវភាពរស់នៅសមស្រប ព្រមទាំងផ្តល់សេវាកម្មប្រព័ន្ធអេកូឡូស៊ីដល់សហគមន៍ក្នុងស្រុក។ គម្រោងនេះ មានរយៈពេល ៤ឆ្នាំ ដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន នៅក្នុងខេត្តគោលដៅចំនួន៤ ដែលនឹងផ្តល់ផលដល់កសិករខ្នាតតូចប្រមាណ ៨៦.០០០នាក់៕