ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ចេញផ្សាយ ២៦ កញ្ញា ២០២៣
1987
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យកសិកម្ម ផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្ម ជាអាទិ៍ការនាំជីកសិកម្មពីរុស្ស៊ីមកកម្ពុជា និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារប្រទេសរុស្ស៊ី។
ជំនួបរវាងឯកឧត្តមរដ្ឋមន្ដ្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏មានពិគ្រោះពិភាក្សាគ្នាផងដែរ អំពីការត្រៀមរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកជំនាញការកសិកម្មជនជាតិសូវៀតចំនួន៨រូប ដែលបានពលីជីវិតនៅក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣។
ភាគីទាំងពីបានព្រមព្រៀងគ្នារៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកជំនាញការសូវៀត នៅខេត្តកំពង់ចាម ដែលជាទីកើតហេតុ។ ចំណែកស្តូបរំឭកវិញ្ញាណក្ខន្ធ នឹងរៀបចំខ្លឹមសារជាពីរភាសា គឺភាសាខ្មែរ និងរុស្ស៊ី ដោយមានឆ្លាក់ឈ្មោះអ្នកជំនាញការសូវៀតទាំង៨រូបផង។
ចំពោះការងាររៀបចំនិងទីតាំងតម្កល់ស្តូបគោរពវិញ្ញាណក្ខន្ធ ភាគីទាំងពីរ គឺ កម្ពុជា-រុស្ស៊ី នឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីធានាថាការរៀបចំអាចដំណើរការបានរលូន។ បន្ថែមពីលើនេះ ទីតាំងនៃការតម្កល់ស្តូបត្រូវជ្រើសរើសឱ្យបានស័ក្តិសមជាទីបំផុត ដើម្បីផ្ដល់ការគោរពចំពោះអ្នកជំនាញការកសិកម្មនៃសហភាពសូវៀតទាំង៨រូប ដែលបានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣៕