នៅរសៀលថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យក្រុមហ៊ុន JinYuTang Aquaculture (Cambodia) Co.,Ltd ចូលជួបពិភាក្សាការងារ និងបង្ហាញពីគម្រោងវិនិយោគវារីវប្បកម្មទឹកសាបនិងទឹកប្រៃទំនើប នៅកម្ពុជា។ សូមបញ្ជាក់ថា ក្រុមហ៊ុនមានបំណងវិនិយោគគម្រោងវារីវប្បកម្មលើផ្ទៃដី ២៤០ហិកតា ដែលមានទីតាំងស្ថិតនៅឃុំបឹងព្រាវ និងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង និងគម្រោងចិញ្ចឹមនិងភ្ញាស់នៅក្នុងសមុទ្រទឹកជ្រៅ ទំហំ២០០០ហិកតា ស្ថិតនៅតំបន់កោះរុងសន្លឹម ខេត្តព្រះសីហនុ។ គម្រោងវិនិយោគផ្តោតសំខាន់ទៅលើការវារីវប្បកម្ម ផ្គត់ផ្គង់ចែកចាយ និងស្រាវជ្រាវនិងអភិវឌ្ឍន៍វិស័យវារីវប្បកម្មនៅកម្ពុជាតាមស្តង់ដារអន្តរជាតិ។ ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនបានគ្រោងវិនិយោគទឹកប្រាក់សរុបប្រមាណ ១០០លានដុល្លារអាមេរិក ផ្តល់ឱកាសការងារបាន៤៣០នាក់។ បច្ចុប្បន្នក្រុមហ៊ុនកំពុងនឹងរៀបចំបញ្ចប់ការចុះបញ្ជីក្រុមហ៊ុននៅកម្ពុជា បន្ទាប់មកក្រុមហ៊ុននឹងរៀបចំផែនការមេ ហើយគ្រោងដាក់ស្នើជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។