នាព្រឹកថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅនាយកដ្ឋានកសិ-ឧស្សាហកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សាលើការសិក្សាស្រាវជ្រាវ និងប្រមូលធាតុចូលពាក់ព័ន្ធនឹងវិស័យកសិ-ឧស្សាហកម្ម ដើម្បីបញ្ចូលទៅក្នុងផែនការមេក្នុងការអនុវត្តគោលនយោបាយកសិកម្មកម្ពុជា ឆ្នាំ២០២៣-២០៣០ រវាងមន្ត្រីបច្ចេកទេសនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋាន ជាមួយប្រតិភូមកពីសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោកបណ្ឌិត ហ្សាំង ឆាវ (Dr. Zhang Chav) សាស្ត្រាចារ្យបណ្ឌិតសភាកសិកម្ម ទីក្រុងប៉េកាំង។
ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិនដែលបានចុះធ្វើទស្សនៈកិច្ចនៅនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានលើកឡើងអំពីសកម្មភាពបច្ចេកទេសចម្បងៗ ដែលកំពុងអនុវត្តក្នុងនាយកដ្ឋានកសិ-ឧស្សាហកម្ម គឺការងារកែច្នៃ ការងារផលិតកម្មកសិកម្មតាមកិច្ចសន្យា ការងារកសិ-ពាណិជ្ជកម្ម និងមន្ទីរពិសោធន៍ ហើយការងារទាំង៤ នេះ គឺមានភាពប្រទាក់ក្រឡាគ្នាទៅវិញទៅមក ដែលជួយជំរុញដល់ការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃនៃផលិតផលកសិកម្ម។
ប្រតិភូសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោកបណ្ឌិត ហ្សាំង ឆាវ បានសំដែងនូវសេចក្តីរីករាយ និងបានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះការលើកឡើងរបស់អង្គភាពជំនាញ ដែលសុទ្ធតែជាធាតុចូលដ៏សំខាន់ក្នុងការពិចារណារៀបចំបញ្ជូលទៅក្នុងផែនការមេក្នុងការអនុវត្តគោលនយោបាយកសិកម្មកម្ពុជា ឆ្នាំ២០២៣-២០៣០។ តំណាងប្រតិភូសាធារណៈរដ្ឋប្រជាមានិតចិន បានបង្ហាញទៀតថា ក្នុងការងាររបស់លោក និងពិចារណាកំណត់យកផលិតផលកសិកម្មចាំបាច់ រួមជាមួយតំបន់ជាក់លាក់ក្នុងខេត្តនៃប្រទេសកម្ពុជាដើម្បីធ្វើការសិក្សាលម្អិត។ លោកបានបង្ហាញបន្ថែមទៀតថា ការងារជំនាញទាំង៤ ដែលបានលើកឡើងខាងលើរួមមាន ការងារផលិតកម្មកសិកម្មតាមកិច្ចសន្យា ការងារកែច្នៃ និងកសិ-ពាណិជ្ជកម្ម និងមន្ទីរពិសោធន៍ គឺពិតជាមានភាពប្រទាក់ក្រឡាគ្នាល្អ ហើយលោកសង្ឍឹមថា ការពិចារណាបញ្ចូលសកម្មភាពខាងលើទៅក្នុងផែនការមេពិតជានឹងចូលរួមចំណែកក្នុងការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃ នៃផលិតផលកសិកម្មជាក់ជាពុំខាន។ ជាមួយគ្នាចំពោះការលើកឡើងអំពីមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការបណ្តុះបណ្តាលកែច្នៃ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យកសិ-ឧស្សាហកម្ម។ តំណាងប្រតិភូសាធារណៈរដ្ឋប្រជាមានិតចិន លោកបណ្ឌិត ឆាវ បានផ្តល់ជាមតិយោបល់ថាគម្រោងសាងសង់មជ្ឈមណ្ឌលឧត្តមភាព គួរមានទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលអាចជាតំបន់ភូមិភាគសម្រាប់ផលិតផលជាក់លាក់ណាមួយ។ លោកស្វាគមន៍ក្នុងការជួយគាំទ្រគម្រោងនេះ ព្រមទាំងស្នើនាយកដ្ឋានផ្ញើគម្រោងនេះដើម្បីក្រុមការងាររបស់លោកជួយបំពេញបន្ថែម។