នៅរសៀលថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យឯកឧត្តម Vlastimil TESAR ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងលោក Stepan VOJNAR ប្រធានផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋឆេកចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវកិច្ចស្វាគមន៍និងអបអរសាទរជូនចំពោះឯកឧត្តមដែលបាន អញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជាក្នុងបំណងសិក្សាស្វែងយល់អំពីការរីកចម្រើនពីវិស័យកសិកម្មកម្ពុជា ពិសេសស្វែករកដៃគូវិនិយោគលើវិស័យនេះនាពេលអនាគត។ តាមរយៈប្រតិភូ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណជាអនេកជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋឆេកដែលមានចំណាប់អារម្មណ៍លើការវិនិយោគលើវិស័យនានា ជាពិសេសវិស័យកសិកម្មនាពេលអនាគត ហើយតាមរយៈការវិនិយោគនេះឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាចំណងការទូត មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹងនិងពង្រីកឲ្យកាន់តែល្អប្រសើរឡើងថែមទៀតនាពេលអនាគត។ ឆ្លៀតយកឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនប្រតិភូដោយសង្ខេបអំពីការរីកចម្រើនវិស័យកសិកម្មជាអាទិ៍ផលិតកម្មដំណាំស្រូវ ដំឡូងមី កៅស៊ូ ស្វាយចន្ទី ពោត ផលិតកម្មសត្វពិសេសគោយកសាច់ និងវិស័យវារីវប្បកម្ម ដែលក្រសួងបានចាត់ទុកថាជាផលិតកម្មមានអាទិភាពក្នុងការនាំចេញ។ ផ្ទុយទៅវិញ ចំពោះវិស័យកសិឧស្សាហកម្ម (ការកែច្នៃ) រាល់ផលិតកម្មទាំងអស់នោះគឺនៅមានកម្រិត ដែលកម្ពុជាត្រូវការស្វែងរកជំនួយ ដៃគូអភិវឌ្ឍន៍ ឬក្រុមហ៊ុនឯកជនធ្វើការវិនិយោគដើម្បីបង្កើនតម្លៃបន្ថែម ឆ្លើយតបតាមស្តង់ដារ ធានាបានទាំងគុណភាព និងសុវត្ថិភាពនៃទីផ្សារនាំចេញ។ ម៉្យាងវិញទៀត ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនផលិតភាពផលិតកម្មកសិកម្ម និងការកែច្នៃគឺសមស្របតាមនិន្នាការសេដ្ឋកិច្ចដែលកម្ពុជាទទួលបាន ៧% និងជាពិសេសនោះគឺឆ្លើយតបទៅនឹងសុឆន្ទៈរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តីក្នុងការប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។ នាឱកាសនេះឯកឧត្តម Vlastimil TESAR បានកោតសរសើរចំពោះការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ សាធារណៈរដ្ឋឆេកមានសក្តានុពលយ៉ាងខ្លាំងលើវិស័យកសិកម្ម និងម្ហូបអាហារ ហើយផលិតកម្មសត្វ (គោយកសាច់ និងទឹកដោះ) ក៏ជាប្រទេសមួយឈានមុខគេផងដែរលើវិស័យនេះ។ ជំនួបនាពេលនេះគឺឯកឧត្តម Vlastimil TESAR ចង់ទទួលយកការណែនាំ ចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្រ្តី សិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលលើវិស័យកសិកម្មកម្ពុជា ឱកាស និងស្វែករកដៃគូវិនិយោគធ្វើការកែច្នៃកសិផល និងធ្វើការនាំចេញ ដោយចាប់ពីការវិនិយោគកម្រិតតូចដល់កម្រិតធំ។ តាមរយៈលទ្ធផលនៃកិច្ចពិភាក្សានាថ្ងៃនេះ ឯកឧត្តមនឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពធ្វើយ៉ាងណាពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យបានកាន់តែរឹងមាំនិងល្អប្រសើរថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យកសិកម្មនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថារដ្ឋាភិបាលនៃសាធារណរដ្ឋឆេកនឹងផ្តល់ការគាំទ្រ និងជួយប្រទេសកម្ពុជាលើផ្នែកបច្ចេកទេសកសិកម្ម ការកែច្នៃ និងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើនថែមទៀត។