បន្ទាប់ពីបានអញ្ជើញទៅពិនិត្យក្រុមហ៊ុនឡុងភិងរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានបន្តដំណើរទៅពិនិត្យមើលស្ថានភាព និងការអភិវឌ្ឍន៍ភូមិថ្មី Moral Culture Square of Guanshan និងចំការទំពាំងបាយជូរ នៅទីក្រុងឆាងសា។
ភូមិនេះបានបង្កើតឡើងនៅឆ្នាំ២០០៧ ក្នុងបំណងប្រមូលប្រជាពលរដ្ឋដែលមានវ័យចំណាស់មករស់នៅជាសហគមន៍ ដោយសារការខ្វះខាតកំលាំងពលកម្មវ័យក្មេងក្នុងវិស័យកសិកម្ម។ ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរមូលដ្ឋានសហការជាមួយរដ្ឋាភិបាល បានប្រមូលរួចចងក្រងពួកគាត់ជាសហគមន៍កសិកម្មវ័យចំណាស់ក្នុងភូមិថ្មីនេះ។ ការសាងសង់ភូមិនេះត្រូវបានទទួលការឧបត្តម្ភពីរដ្ឋាភិបាល និងសប្បុរសជនដែលមានធនធានក្នុងភូមិ។ ១០ ឆ្នាំកន្លងមកនេះឃើញថាជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈកំណើនទេសចរដែលចង់ស្វែងយល់ពីប្រពៃណី ទំនៀមទំលាប់ ជីវភាព និងការធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងបែបបុរាណរបស់សហគមន៍។ ជាក់ស្តែងប្រជាពលរដ្ឋអាចទទួលបានប្រាក់ចំណូលជាមធ្យមជាង ២ម៉ឺនយ៉ាន់ក្នុង១ឆ្នាំ។ លទ្ធផលនេះបានទាក់ទាញយុវជនវ័យក្មេងដែលបានធ្វើចំណាក់ស្រុកមករស់នៅក្នុងភូមិកំណើតវិញ បន្តអនុវត្តន៍ និងជួយការងារគម្រោងសំខាន់ៗរបស់សហគមន៍ឲ្យមានការរីកចម្រើនបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តគម្រោង ដែលមានការចូលរួមពីសំណាក់ប្រជាកសិករ ក្នុងការអភិវឌ្ឍន៍ និងគ្រប់គ្រងសហគមន៍កសិកម្ម ដែលបានកាត់បន្ថយការធ្វើចំណាក់ស្រុកជាមួយនឹងការធ្វើកសិកម្មចម្រុះដោយ វិស័យឯកជន រដ្ឋ និងប្រជាជន។