ចាកចេញពីខេត្តតាកែវ ឯកឧត្តមរដ្ឋមន្រ្តីនិងសហការីបានបន្តដំណើរទៅភូមិខ្ពបរុន ឃុំខ្ពបរុន ស្រុកជុំគីរី ខេត្តកំពតដើម្បីពិនិត្យសមិទ្ធិផលរបស់សហគមន៍កសិកម្មខ្ពបរុនគំនិតថ្មី។សហគមន៍នេះបានបង្កើតឡើងឆ្នាំ១៩៩៥ក្រោមការជួយឧបត្ថម្ភពីគម្រោង របស់អង្គការស៊ីដសេដល់ឆ្នាំ២០០៦។ ឆ្នាំ២០១៤ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាបានមកបន្តជួយគាំទ្រសហគមន៍។ បច្ចប្បន្នសហគមន៍មានសមាជិក៨០ គ្រួសារ ៦០%ជាស្រ្តី។សហគមន៍មានភារកិច្ចចំបង គឺផ្តល់សេវា ឥណទានជាប្រាក់ ឥណទានស្រូវ ទិញ_លក់ស្រូវ ជីនិងថ្នាំកសិកម្ម និងផលិតពូជស្រូវ។នៅឆ្នាំ២០១៧ សហគមន៍ មានទុនបង្វិលសរុប ៣៦០ លានរៀល។ ចំពោះមុខសហគមន៍នៅមានការជួបបញ្ហាប្រឈម មួយចំនួន ដូចជា ខ្វះទុនជាឥណទានក្នុងការបង្វិល ខ្វះមធ្យោបាយដឹកជញ្ជូន និងឃ្លាំងស្តុកស្រូវ។ ឯកឧត្តមរដ្ឋមន្ដ្រី សុំឱ្យគម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយជំរុញបន្ថែមលើការងារដែលនៅខ្វះចន្លោះបន្ថែមលើការងារចិញ្ចឹមសត្វនិងដំណាំរួមផ្សំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដែលមានស្រាប់ដើម្បីជួយលើកតម្កើនកម្រិតជីវភាពរបស់សមាជិកសហគមន៍ឱ្យបានល្អប្រសើរ និងធ្វើយ៉ាងណារក្សាសកម្មភាពរបស់គម្រោងឱ្យមាន និរន្តរភាព ។