នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរទៅពិនិត្យសកម្មភាពការងារ បង្កបង្កើនផលរបស់សហគមន៍កសិកម្មកំពុងព្រៀង ស្ថិតនៅក្នុងភូមិអូសទូក ឃុំកំពុងព្រៀងស្រុកសង្កែរ ខេត្តបាត់ដំបង។ សហគមន៍បាន បង្កើតនៅឆ្នាំ២០១២ ក្រោមការជួយឧបត្ថម្ភពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បច្ចុប្បន្នមានសមាជិក ២០១នាក់ និងមានទុនសរុបជាង១៣ លានរៀល។ បច្ចប្បន្នសហគមន៍មានអាជីវកម្មផ្គត់ផ្គង់ជី ថ្នាំកសិកម្មនិងផលិតស្រូវពូជ ឥណទានសន្សំប្រាក់ ក្រៅពីអាជីពខាងដើមសមាជិក ប្រកាន់យករបរធ្វើស្រូវទាំងវស្សានិងប្រាំ ដាំដំណាំរួមផ្សំនិងចិញ្ចឹមសត្វ។ សហគមន៍បាននិងកំពុងផលិកស្រូវពូជ និងស្រូវចំណីដោយចុះកុងត្រាទទួលទិញជាមួយក្រុមហ៊ុន បាយ័នដើម្បីកិនជាអង្ករនាំចេញ។ សូមបញ្ជាក់ថាការផលិតស្រូវស្របតាមបច្ចេកទេសនៅតំបន់នេះ អាចទទួលបានទិន្នផលចំនួនពី ៧ ទៅ ៨ តោនក្នុងមួយហិកតា ហើយកសិករមានដីជាមធ្យមប្រមាណពី ៥ ទៅ៨ ហិកតា ហើយក្នុងមួយឆ្នាំអាចផលិតពី ២ ទៅ៣ ដង ដោយសារតំបន់នេះមានអំណោយផល ប្រព័ន្ធធារាសាស្រ្ត កង្ហត និងដោយមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត ជ្រើសរើស និងបន្សុតពូជស្រូវខា១៥ ដែលធន់នឹងជម្ងឺ រាំងស្ងួត ទឹកជំនន់ និងទីផ្សារ គាំទ្រដោយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ។