មន្ត្រីជលផលស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងបានឃាត់ខ្លួនជនល្មើស៧នាក់ មកអប់រំណែនាំ និងរឹបអូសឧបករណ៍ឆក់ត្រីចំនួន៧គ្រឿង ដោយសារពួកគេលួចចូលឆក់ត្រី ក្នុងដែននេសាទ ស្ថិតនៅចំណុចអតីតឡូត៍លេខ៧Aដែលជាតំបន់អភិរក្សត្រីមេពូជ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា មានប្រសាសន៍ថា កាលពីថ្ងៃទី១៨ ខែមេសានេះ អាជ្ញាធរស្រុកកំពង់លែង និងមន្ត្រីជលផលខេត្តកំពង់ឆ្នាំបានសហការគ្នាស្រាវជ្រាវរកមុខសញ្ញាជនល្មើសដែលលួចចូលទៅឆក់ត្រី ក្នុងដែននេសាទ ស្ថិតនៅចំណុចអតីតឡូត៍លេខ៧Aដែលជាតំបន់អភិរក្សត្រីមេពូជ។
ក្រោយពីធ្វើការស្រាវជ្រាវ មន្ត្រីជំនាញបានឃាត់ខ្លួនជនល្មើសចំនួន៧នាក់ និងរឹបអូសបានឧបករណ៍ឆក់ត្រីចំនួន៧គ្រឿង ស្ថិតក្នុងភូមិជើងគ្រោះ.ឃុំស្វាយរុំពារ.ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។
ជនល្មើសទាំងនោះរួមមាន ឈ្មោះ ឈាង ឈី ២ ឈ្មោះ ឈឹម អឿន ៣ ឈ្មោះ ឈឹម អូន ៤ ឈ្មោះ តាន់ គឹមជ្រូក ៥ ឈ្មោះ អ៊ន អូន ៦ ឈ្មោះ វ៉ាន់ ថន ៧ ឈ្មោះ អាន សាវុន ហើយអ្នកទាំងអស់រស់នៅក្នុងភូមិជើងគ្រោះ។ ចំណែក ឧបករណ៍ឆក់ ដែលមន្ត្រីជំនាញរឹបអូសបាន រួមមាន ឧបករណ៍ឆក់ក្តៅ និងត្រជាក់ដង្ហែ។
បន្ថែមពីនេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា មានប្រសាសន៍ទៀតថា គណៈបញ្ជាការស្រុកកំពង់លែង និងមន្ត្រីជំនាញជលផល កំពុងសហការគ្នា និងធ្វើការណែនាំដល់អ្នកលួចប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ផ្សេងៗទៀត ត្រូវប្រគល់ឧបករណ៍ទាំងនោះ មកឱ្យមន្ត្រីជំនាញ ដើម្បីកុំឱ្យមានអ្នកលួចឆក់ត្រីខុសច្បាប់នៅថ្ងៃមុខទៀត៕