នៅទីស្តីការក្រសួងល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតឲ្យលោកបណ្ឌិត NABESHIMA KATSUHITO នាយកក្រុមហ៊ុនហាយ៉ាស៊ីដាយេផេនអេហ្រ្គីខលឈ័រ និងសហការីចូលជួបសម្តែងការគួរសមនិងរាយការណ៍ជូនជ្រាបដោយសង្ខេបពីលទ្ធផលនៃការរៀបចំសៀវភៅបន្ទុកផលិតផលម្រេចនិងកសិផលផ្សេងៗទៀតឲ្យមានស្តង់ដាដោយអនុវត្តតាម ”ការអនុវត្តកសិកម្មល្អ(GAP)” និងសរីរាង្គដើម្បីជំរុញការអភិវឌ្ឍម៉ាកសម្គាល់ភូមិសាស្រ្តផលិតផលនិងម៉ាកសមូលហភាពក្នុងគោលបំណងពង្រឹងលទ្ធភាពប្រកួតប្រេជែងផលិតផលកម្ពុជានាពេលអនាគត។ លោកបណ្ឌិត NABESHIMA KATSUHITO បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីថាក្រុមហ៊ុនមានបំណងជំរុញកសិករផលិតផលិតផលសរីរាង្គឬសុវត្ថិភាព ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។
មួយវិញទៀតក្រុមហ៊ុនបានផលិតជីសរីរាង្គដែលឆ្លើយតបទៅតាមគុណភាពដី និងដំណាំដែលកសិករត្រូវប្រើឲ្យចំគោលដៅ។ បច្ចុប្បន្នក្រុមហ៊ុនមានគម្រោងសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទតាមបណ្តាខេត្ត ឲ្យមានឧបករណ៍ប្រើប្រាស់វាស់គុណភាពដី និងសំណល់សារធាតុគីមីក្នុងបន្លែ ផ្លែឈើដើម្បីធានាស្តង់ដា GAP ដើម្បីបាននូវគុណភាព សុវត្ថិភាពដល់អ្នកបរិភោគ ។
នាឪកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវកិច្ចស្វាគមន៍និងគាំទ្រចំពោះគោលបំណងរបស់ក្រុមហ៊ុនដែលបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅលើការប្រើប្រាស់ជី ការប្រើប្រាស់និងការគ្រប់គ្រងដីកសិកម្ម ព្រមទាំងបានធ្វើការអប់រំ ផ្សព្វផ្សាយដល់ប្រជាកសិករឲ្យអនុវត្តត្រឹមត្រូវតាមបច្ចេកទេស។ នាឪកាសនេះឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលជប៉ុនដែលមានកិច្ចសហការល្អក្នុងការអនុវត្តគម្រោងទាន់ទងនិងការអភិវឌ្ឍវិស័យកសិកម្មក្នុងរយៈពេលកន្លងមក។ ព្រមជាមួយគ្នានេះឯកឧត្តមក៏បានសំណូមពរដល់ក្រុមហ៊ុន គួរសហការជាមួយក្រសួង និងមន្ទីរពាក់ព័ន្ធ ដៃគូអភិវឌ្ឍព្រមទាំងវិស័យឯកជនដើម្បីអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាព។
បង្កើនការវិនិយោគគ្រប់ជ្រុង ជ្រោយចាប់តាំងពីការដាំដុះ កែច្នៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញ។ គួរសិក្សាស្រាវជ្រាវបច្ចេកវិទ្យាកសិកម្មថ្មីៗនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានសមស្របតាមសេចក្តីត្រូវការ និងត្រឹមត្រូវតាមគោលនយោបានរបស់រាជរដ្ឋាភិបាល។ គួរបណ្តុះបណ្តាលធនធានមនុស្សទាំងចំណេះដឹងនិងចំណេះធ្វើ។ កិច្ចពិភាក្សាត្រូវបានបញ្ចប់ក្នុងបរិយាកាសស្និតស្នាលមេត្រីភាព និងសហការណ៍យ៉ាងល្អប្រសើរក្នុងឆន្ទះតែមួយគឺពង្រឹងលទ្ធភាពប្រកួតប្រជែងផលិតផលកម្ពុជាដើម្បីបម្រើឲ្យសេចក្តីត្រូវការក្នុងស្រុកនិងធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនាពេលអនាគត។