នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅទស្សនាវិទ្យាល័យបច្ចេកទេសជាន់ខ្ពស់ ឡុងភិង Longping High-Tech ដែលជាក្រុមហ៊ុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថានធំជាងគេលេខ ៩ទូទាំងពិភពលោកនៅទីក្រុងឆាងសា ខេត្តហ៊ូណាន។
ក្រុមហ៊ុនឡុងភិងបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ ជំនាញសិក្សាស្រាវជ្រាវ ផលិតពូជស្រូវ ជាពិសេសប្រភេទពូជស្រូវកណ្តុល ដំណាំពោត និងបន្លែដែលមានសក្តានុពលខ្ពស់ និងទទួលស្គាល់ទូទាំងពិភពលោក។ គិតមកដល់ពេលនេះ ក្រុមហ៊ុនមានទុនវិនិយោគជាង ១០០លានយ៉ាន់ សម្រាប់សិក្សាស្រាវជ្រាវ ផលិតពូជនិងផ្តល់ឥណទានកសិកម្ម និងបានផលិតពូជស្រូវជាង ៦០ប្រភេទ ដើម្បីធ្វើការនាំចេញទៅប្រមាណជា ៨០ប្រទេស។ ក្នុងចំណោមប្រភេទពូជស្រូវ មាន ២៦ប្រភេទទទួលលេខ៣ ជាស្រូវល្អថ្នាក់ជាតិ ១០ប្រភេទទទួលបានកម្រិតលេខ ២ និង ២ប្រភេទទទួលបានកម្រិតលេខ ១គួរជាទីមោទនៈ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការស្វែងយល់ផងដែរ អំពីនវានុវត្តលើវិស័យកសិកម្ម រួមទាំងបច្ចេកវិទ្យានៃការដាំដុះ ការរៀបចំនិងគ្រប់គ្រងដីកសិកម្ម ការគ្រប់គ្រងនិងប្រើប្រាស់ថ្នាំ និងជីកសិកម្មឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាពម្ហូបអាហារកសិកម្ម ស្របតាមវិធាន និងបរិបទនៃការរីកចម្រើន សង្គម និងសេដ្ឋកិច្ច។