នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការី បានធ្វើដំណើរចុះទៅពិនិត្យមើលកសិដ្ឋានភ្ញាស់ និងចិញ្ចឹមត្រីរបស់ កសិករឈ្មោះ ធី រដ្ឋា ស្ថិតនៅក្នុងក្រុម១២ ភូមិវត្តបូព៍ ឃុំសាលាកំរើក ក្រុងសៀមរាប (កសិកររូបនេះធ្លាប់បានទទួលជ័យលាភីឆ្នើមលេខ១ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៦ កន្លងទៅ)។
សូមបញ្ជាក់ថា កសិករ ធី រដ្ឋា មកទល់បច្ចុប្បន្ន មានសមត្ថភាពអាចផលិតកូនត្រីទីឡាព្យាក្រហម ចំនួនពីដប់ ទៅហាសិបម៉ឺនក្បាល ដើម្បីលក់ចែកចាយដល់កសិករក្នុងខេត្តដើម្បីចិញ្ចឹម។ ទន្ទឹមនឹងនេះ កសិកររូបនេះក៏បានបង្កើតស្រះខ្លួនឯងលើផ្ទៃដី ៦ហិកតា ចិញ្ចឹមត្រីទីឡាព្យា ត្រីប្រា ត្រីពោ និងត្រីក្រាញ់ ដែលទទួលបានផលសរុបប្រចាំឆ្នាំប្រមាណជា ហាសិបតោន រួមទាំងចិញ្ចឹមមាន់ពូជក្នុងស្រុកប្រមាណជា ២០០ក្បាលថែមទៀតសម្រាប់យកសាច់ និងពង លក់ថែមទៀតផង។