ថ្ងៃអង្គារ៍ ២រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើទស្សនទានសម្រាប់អភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មសម្រាប់ថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ប្រធានការិយាល័យ និងមន្ទីរពិសោធន៍នៃនាយកដ្ឋានកសិ-ឧស្សាហកម្ម លោក លោកស្រីថ្នាក់ដឹកនាំការិយាល័យកសិ-ឧស្សាហកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ចំនួន ៦១រូប ក្នុងនោះស្រី ១៨រូប។ កិច្ចប្រជុំពិភាក្សានេះមានគោលបំណង ដើម្បីសិក្សាអំពីធនធានមនុស្ស រចនាសម្ព័ន្ធក្នុងការដឹកនាំ វឌ្ឍនភាពនៃការអនុវត្តការងារ ចំនុចខ្លាំង ចំនុចខ្សោយ បញ្ហាប្រឈម និងសំណូមពរផ្សេងៗ របស់ការិយាល័យកសិ-ឧស្សាហកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត។
ឆ្លៀតក្នុងឪកាសនេះដែរលោកប្រធាននាយកដ្ឋានបានប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែ ដឹកនាំប្រកបដោយទំនួលខុសត្រូវ គណនេយ្យភាព គុណាធិបតេយ្យ ដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់នាយកដ្ឋានកសិ-ឧស្សាហកម្ម ស្របតាមចក្ខុវិស័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងសង្ឃឹមយ៉ាងមុតមាំថា គ្រួសារកសិ-ឧស្សាហកម្មយើងនឹងរួមចិត្ត រួមកាយ សាមគ្គីភាពជាធ្លុងមួយ ដើម្បីអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មឱ្យបានរីកចម្រើនបន្ថែមទៀត។
ជាលទ្ធផលកិច្ចប្រជុំពិភាក្សាបានទទួលនូវធាតុចូលសំខាន់ៗ និងសំណូមពរជាច្រើន ដែលជាធាតុចូលសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។