នៅវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញបន្តពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូករបស់កសិករ ឈ្មោះលោក គា ហាក់ ស្ថិតនៅភូមិអូរតាពុក សង្កាត់ទូលល្វា ក្រុងប៉ៃលិន ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃស្ថានភាពកសិករប្រកបរបរចិញ្ចឹមជ្រូក។សូមបញ្ជាក់ថា កសិដ្ឋាននេះចិញ្ចឹមជាលក្ខណៈគ្រួសារ និងចិញ្ចឹមបែបធម្មជាតិ ចំនួនជាង ២០០ក្បាល មេជ្រូក ៥១ក្បាល ហើយមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារចំនួន ២-៣ក្បាលក្នុងមួយថ្ងៃ។
បច្ចុប្បន្នលោកកំពុងជួបប្រទះបញ្ហាអស្ថេរភាពនៃតម្លៃ ហើយស្នើអោយក្រសួងជួយអន្តរាគមន៏ពីបញ្ហានេះផង។ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដល់ការខិតខំរបស់លោក គា ហាក់ ដែលមានភាពឧស្សាហ៏ព្យាយាម និងច្នៃប្រឌិតលើការចិញ្ចឹមសត្វ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំអោយលោក សហការជាមួយសត្តឃាតដ្ឋានស្រុក ដើម្បីផ្សព្វផ្សាយពីជ្រូកក្នុងស្រុក ចិញ្ចឹមលក្ខណៈធម្មជាតិដល់អតិថិជនដែលមានតម្រូវការជ្រូកខ្មែរធម្មជាតិ ព្រមទាំងបានណែនាំអោយថែរក្សាមេពូជអោយបានល្អ ដើម្បីរក្សាគុណភាពពូជ ព្រោះក្រសួងកំពុងមានវិធានការទប់ស្កាត់ការនាំចូលខុសច្បាប់ ដែលជះឥទ្ធិពលដល់ការចិញ្ចឹមក្នុងស្រុក។