សណ្ឋាគារសាន់វ៉េ ព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងឱកាសបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីតួនាទីគ្រឿងយន្តកសិកម្មក្នុងការពង្រឹងភាពបន្សាំរបស់កសិករខ្នាតតូចដោយប្រើប្រាស់បច្ចេកទេសដើម្បីអភិរក្សកសិកម្ម ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដែលសហការរៀបចំដោយនាយកដ្ឋានគ្រឿងយន្តកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម និងមជ្ឈមណ្ឌលគ្រឿងយន្តកសិកម្មសមស្របរបស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN-ESCAP) មានរយៈពេល៣ថ្ងៃ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីប្រទេសជាសមាជិកនិងដៃគូអភិវឌ្ឍយ៉ាងច្រើនកុះករ។
សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់យន្តូបនីយកម្មកសិកម្ម ទំនើបកម្មកសិកម្ម កំណត់បញ្ហាប្រឈម និងរកដំណោះស្រាយឲ្យបានសមស្រប ដើម្បីលើកស្ទួយវិស័យកសិកម្ម ធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងកំណើនសេដ្ឋកិច្ចជាតិ ដែលនាំទៅរកការកាត់បន្ថយភាពក្រីក្រ។ មានមតិស្វាគមន៍ក្នុងឱកាសនេះ លោកស្រីបណ្ឌិត Li Yutong នាយកមជ្ឈមណ្ឌលគ្រឿងយន្តកសិកម្មសមស្របរបស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN-ESCAP) បានគូសបញ្ជាក់ថាការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតែជាបញ្ហាប្រឈមដ៏សំខាន់មួយដែលតំបន់អាស៊ីនិងប៉ាស៊ីហ្វិកបាននិងកំពុងជួបប្រទះ តាមរបាយការណ៍បានឲ្យដឹងថាក្នុងចំណោមមនុស្ស១ពាន់លាននាក់មាន២/៣ កំពុងតែជួបប្រទះបញ្ហាសន្តិសុខស្បៀងក្នុងតំបន់យើងនេះ។
ការប្រែប្រួលអាកាសធាតុ និងឱនភាពដីក៏ជាបញ្ហាសំខាន់ដែលបាននិងកំពុងជះឥទ្ធិពលជាអវិជ្ជមានយ៉ាងខ្លាំងលើវិស័យកសិកម្មទាំងមូលទាំងក្នុងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់តំបន់។ លោកស្រីបណ្ឌិតក៏បានបញ្ជាក់ផងដែរពីគោលនយោបាយនិងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ រួមមានការលុបបំបាត់ភាពក្រីក្រ ការបញ្ចប់ភាពអត់ឃ្លាន ការធានាឲ្យបាននូវសន្តិសុខស្បៀង ការលើកកម្ពស់អាហារូបត្ថម្ភ ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព និងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនិងឱនភាពដី។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវមតិស្វាគមន៍ជូនចំពោះភ្ញៀវជាតិ និងអន្តរជាតិ ប្រទេសសមាជិក ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ និងបានវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានគ្រឿងយន្តកសិកម្មដែលបានសហការគ្នាយ៉ាងល្អជាមួយមជ្ឈមណ្ឌលគ្រឿងយន្តកសិកម្មសមស្របរបស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្នុងការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនអង្គសិក្ខា សាលា ថាវិស័យកសិកម្មនាពេលបច្ចុប្បន្នកំពុងប្រឈមនិងបញ្ហាមួយចំនួនដូចជាការធ្លាក់ចុះកំកម្លាំងពលកម្ម ការប្រែប្រួលអាកាសធាតុ និងឱឱនភាពដី ដែលធ្វើឲ្យវិស័យនេះមិនអាចឈានទៅសម្រេចបាន ឬបំពេញឲ្យអស់លទ្ធភាពនូវសក្តានុពលរបស់ខ្លួនដែលមាន។
ដូច្នេះ ការអភិវឌ្ឍគ្រឿងយន្តកសិកម្ម ការធ្វើទំនើបកម្មកសិកម្ម គឺជាដំណោះស្រាយមួយដ៏សមស្របក្នុងការបង្កើនសមត្ថភាពដល់មនុស្សដែលនាំទៅរកការពង្រឹងនិងបង្កើនផលិតភាពកសិកម្ម កាត់បន្ថយកម្លាំងមនុស្ស ប្រើប្រាស់ដីឲ្យអស់លទ្ធភាពនិងទទួលបានប្រសិទ្ធភាព សំដៅធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ សម្រាប់ប្រទេសកម្ពុជា តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ វិស័យកសិកម្មនឹងឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្ម មានលក្ខណៈប្រកួតប្រជែងទីផ្សារ និងមាននិរន្តរភាព ដើម្បីរួមចំណែកក្នុងការធានាបាននូវសន្តិសុខស្បៀង សុវត្ថិភាពអាហារូបត្ថម្ភសម្រាប់សុខុមាលភាពនៃប្រជាជនកម្ពុជា។
ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកំណត់ទិសដៅពីរសំខាន់ៗគឺទី១ លើកកម្ពស់កំណើនកសិកម្ម ដែលមានលក្ខណៈជារួម តាមរយៈការបង្កើនផលិតភាព ការធ្វើពិពិធកម្ម ការធ្វើការប្រកួតប្រជែង និងការធ្វើជំនួញកសិកម្ម និងទី២ ការលើកម្ពស់ការប្រើប្រាស់ដីកសិកម្ម ការអភិវឌ្ឍនិងគ្រប់គ្រងធនធានព្រៃឈើ និងជលផលឲ្យមាននិរន្តរភាព។ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថាសិក្ខាសាលានេះនឹងទទួលបានលទ្ធផលជាផ្លែផ្កាក្នុងបរិយាកាសសហការល្អ ដើម្បីកសាងយន្តការសម្រាប់ពង្រឹងការទ្រទ្រង់ដល់កសិករខ្នាតតូចតាមរយៈការអភិរក្ស និងអភិវឌ្ឍកសិកម្មក្នុងតំបន់។