កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារសិក្សាស្រាវជ្រាវថនិកសត្វសមុទ្រនៃអង្គកាអភិរក្សសមុទ្រកម្ពុជាបានចុះសិក្សាស្រាវជ្រាវថនិកសត្វសមុទ្រ នៅសហគមន៍ព្រែកត្នោត ក្នុងខេត្តកំពត តាមរយៈទូករបស់សហគមន៍។
អំឡុងពេលចុះសិក្សាស្រាវជ្រាវនៅថ្ងៃទីមួយ ក្រុមការងារបានប្រទះឃើញវត្ដមានសត្វផ្សោតក្បាលត្រឡោកចំនួនប្រមាណ១០ក្បាល។ នៅថ្ងៃទីពីរ ក្រុមការងារបានប្រទះឃើញផ្សោតឃ្លៀច ចំនួនប្រមាណ ១៥ក្បាល និងសត្វផ្សោតក្បាលត្រឡោកចំនួនប្រមាណ ១០ក្បាល។ ក្នុងថ្ងៃទីបី ក្រុមការងារបានប្រទះឃើញវត្តមានសត្វផ្សោតឃ្លៀចចំនួនប្រមាណ ០៦ក្បាល និង សត្វផ្សោតក្បាលត្រឡោកចំនួនប្រមាណ ១០ក្បាល។
វត្តមាននៃសត្វផ្សោតទាំងនេះ ឆ្លុះបង្ហាញពីជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការជាដៃគូ និងស្ថាប័នពាក់ព័ន្ធ ក្នុងការអភិរក្សធនធានជលផលដ៏កម្រ និងមានតម្លៃទាំងនេះឱ្យស្ថិតស្ថិរគង់វង្ស សម្រាប់កម្ពុជា និយាយដោយឡែក និងសម្រាប់ពិភពលោក និយាយជារួម៕