នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំអន្តរក្រសួងស្តីពីការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារតាមអនុវិស័យត្រូវយកចិត្តទុកដាក់ធ្វើការងារតាមជំនាញ បច្ចេកទេសឱ្យបានត្រឹមត្រូវ និងត្រូវផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព ដើម្បីជួយសម្រាលបន្ទុក និងសម្រួលដល់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួលក្នុងការប្រកបរបរអាជីវកម្ម និងបង្កើនប្រាក់ចំណេញ។
លើសពីនេះទៀត ត្រូវផ្តោតលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម និងនិរន្តរភាពបរិស្ថាន។ ទាក់ទងនឹងការងារនេះ ក្រុមការងារត្រូវគិតគូរលើការអភិវឌ្ឍធនធានមនុស្ស និងសហការគ្នាល្អ ដោយតម្កល់ប្រយោជន៍ជាតិជាធំ៕