នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយប្រតិភូ EU-ASEAN Business Council និង EuroCham កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍សម្រាប់កិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយស្នូលរបស់កម្ពុជា ដែលផ្ដោតលើការអភិវឌ្ឍ ព្រមទាំងនិរន្តរភាពសន្តិសុខ និងសុវត្ថិភាពស្បៀង។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាមានសក្តានុពលនៅកម្រិត Up Stream និងមានសន្តិសុខស្បៀង ព្រមទាំងមានអតិរេកស្រូវប្រមាណ ៦.៥លានតោនក្នុងមួយឆ្នាំ ដែលជាឱកាសសម្រាប់អ្នកវិនិយោគលើការកែច្នៃ Down Stream ប្រកបដោយគុណភាព និងមានតម្លៃបន្ថែមខ្ពស់សម្រាប់នាំចេញ។
នៅក្នុងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាផ្តោតសំខាន់លើគុណភាព រសជាតិ សុវត្ថិភាព តាមរយៈការផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាជាងការបង្កើនបរិមាណ ជាអាទិ៍ ម្រេចកំពត អង្ករផ្ការំដួល និងសែនក្រអូបជាដើម។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសហគមន៍កសិកម្មតាមគម្រូថ្មី ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងកម្រិតទ្រង់ទ្រាយធំ ធានាគុណភាពតាមស្តង់ដាគោលនយោបាយសម្រាប់នាំចេញ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា ដែលនឹងផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគ។
ភាគីទាំងពីរបានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យភាគីដៃគូ សហការជាមួយអគ្គនាកដ្ឋានជំនាញសិក្សា និងស្វែងយល់បន្ថែមក្នុងការវិនិយោគនាំចេញកសិផលកម្ពុជា ទៅសហគមអឺរ៉ុប ពិសេសអង្ករ និងស្វាយចន្ទី ព្រមទាំងផលិតផលកសិកម្មដែលមានសក្តានុពលផ្សេងៗទៀត៕