នៅរសៀលថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន ឌីជីថល អេហ្គ្រីខលឈ័រ អិុកឆេន ឯ.ក នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់។ នៅក្រោមក្របខណ្ឌនៃអនុស្សារណៈនៃការយោគយល់គ្នានេះ ភាគីហត្ថលេខីនឹងធ្វើការគាំទ្រ និងសហប្រតិបត្តិការជាអាទិ៍លើ៖ -ការដាំដុះបន្លែដោយប្រើប្រាស់បច្ចេកវិជ្ជាទំនើប និងការប្រមូលយន្តការកសិកម្មតាមកិច្ចសន្យា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកសិឧស្សាហកម្ម ការវេចខ្ចប់ និងឃ្លាំង ដើម្បីធានាគុណភាពបន្លែស្របតាមស្តង់ដាអន្តរជាតិ -ការសាងសង់មជ្ឈមណ្ឌលធុរកិច្ចកសិកម្ម ដែលរួមចំណែកពង្រីកទីផ្សារផលិតផលកសិកម្មកម្ពុជា -ការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យស្តង់ដាកសិផលអន្តរជាតិ ក្នុងការលើកស្ទួយទិន្នផល បច្ចេកវិទ្យា និងសុវត្ថិភាពផលិតផលកសិកម្មកម្ពុជា។ ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការក្រោមស្មារតីនៃអនុស្សារណៈនេះ ក្នុងការរួមចំណែកជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារបរទេស ឆ្លើយតបតាមសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា គោលនយោបាយរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា-ចិន ជាពិសេសគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ដែលមានគោលដៅកែច្នៃកសិផលឲ្យបាន១២ភាគយេ និងជាពិសេសការប្ដេជ្ញារបស់ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០១៨ ក្នុងការបង្កើននាំចូលកសិផលកម្ពុជាទៅកាន់ប្រទេសចិន។ ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនឹងសហការជំរុញដំណើរការនៃគម្រោងនានាកើតចេញពីអនុស្សារណៈនេះឱ្យទទួលបានជោគជ័យ។ បន្ទាប់ពីពិធីចុះហត្ថលេខានេះ ភាគីទាំង២ នឹងបង្កើតក្រុមការងារ ដើម្បីបន្តជំរុញអនុវត្តការងារបន្តឱ្យបានជាក់ស្តែង និងឆាប់រហ័ស។