នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ គណប្រតិភូបានឆ្លៀតឱកាសចូលជួបពិភាក្សាការងារជាមួយតំណាងក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យឃ្វីនស្លេន និង មជ្ឈមណ្ឌលអបរំនិងបណ្តុះបណ្តាលវិជ្ជាជីវហ្គេតតុន (GVEC) ក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការអប់រំ និងបណ្តុះបណ្តាលជំនាញកសិកម្មរយៈខ្លី មធ្យម និងវែង ដល់មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនិស្សិតនៃគ្រឹះស្ថានអប់រំក្រោមចំណុះក្រសួង។ តំណាងសកលវិទ្យាល័យ និង GVEC បានបញ្ជាក់ជូនថា ស្ថាប័នរបស់លោកបើកទូលាយចំពោះកិច្ចសហការជាមួយដៃគូអន្តរជាតិនានា ក្នុងការអភិវឌ្ឍន៏ធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាកសិកម្ម និងកសិពាណិជ្ជកម្ម តាមរយៈការចុះអនុស្សារណៈយោគយល់គ្នារវាងគូភាគី។ នេះជាឱកាសថ្មីមួយទៀតដែលកម្ពុជាអាចជំរុញ និងលើកទឹកចិត្តដល់និស្សិតកសិកម្មជំនាន់ក្រោយអាចស្រូបយកនូវចំណេះដឹងថ្មីៗដែលមានការបញ្ជូលនូវបច្ចេកវិទ្យាទំនើបចុងក្រោយក្នុងការដាំដុះ ដែលមានលក្ខណៈងាយស្រួល សន្សំសំចៃ មានប្រសិទ្ធិភាព និងប្រើប្រាស់កម្លាំងពលកម្មតិច។