នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់សម្រាប់ឆ្នាំ២០២៤-២០២៥ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង៣៦រូប ក្នុងនោះថ្នាក់បណ្ឌិតចំនួន ៤រូប និងបរិញ្ញាបត្រជាន់ខ្ពស់ ៣២រូប ដែលកំពុងត្រៀមខ្លួនទៅបន្តការសិក្សានៅប្រទេសនូវែលសេឡង់ និងបានផ្តល់ប្រសាសន៍ផ្តាំផ្ញើដល់ប្អូនៗនិស្សិតចំនួន ៤ចំណុច គឺចាំបាច់ត្រូវខិតខំរៀនសូត្រយកចំណេះដឹង និងបទពិសោធន៍ និងសញ្ញាបត្រត្រឡប់មកវិញ ត្រូវស្វែងយល់ពីប្រពៃណី និងទំនៀមទម្លាប់ និងបង្កេតទំនាក់ទំនងល្អជាមួយប្រជាជននូវែលសេឡង់ ក៏ដូចជានិស្សិតបរទេស ព្រមជាមួយគ្នានេះ ធ្វើខ្លួនជាតំណាងកម្ពុជា និងផ្សព្វផ្សាយវិជ្ជមានអំពីកម្ពុជាឱ្យបានច្រើន ត្រូវយកចំណេះដឹង និងបទពិសោធន៍ល្អៗដែលទទួលបាន មកកែច្នៃឱ្យស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា និងដំណេីរនៃការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ទាំងអ្នកបម្រើការងារនៅក្នុងរដ្ឋបាលសាធាណ: វិស័យឯកជន និងអង្គការសង្គមស៊ីវិល និងចែករំលែកពេលវេលា បទពិសោធន៍ និងចំណេះដឹង ជាមួយយុវជនកម្ពុជាដទៃទៀត តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីជំរុញទឹកចិត្តយុវជនឱ្យខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម បានជូនពរប្អូនៗនិស្សិតទាំងអស់ទទួលបានជោគជ័យត្រចះត្រចង់ក្នុងការសិក្សា នាពេលខាងមុខ៕