នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិភាក្សាការងារជាមួយលោក Park Heung-Kyeong ទីប្រឹក្សាក្រុមហ៊ុន Booyoung Co.,Ltd. នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម តែសម្រាប់គម្រោងដាំគ្រាប់ Macadamia នាំទៅប្រទេសកូរ៉េនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនពិចារណាឡើងវិញចំពោះគម្រោងវិនិយោគលើដំណាំនេះ ដោយសារវាត្រូវប្រើពេលយូររហូតដល់ ១០ឆ្នាំដើម្បីប្រមូលផល។ ឆ្លើយតបនឹងការងារនេះ ឯកឧត្តម បានបង្ហាញនូវទិសដៅយុទ្ធសាស្ត្រទីផ្សារ ស្របតាមគោលនយោបាយជាតិ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងជំរុញខ្សែច្រវាក់តម្លៃស្វាយចន្ទី និងការទទួលបាននូវតម្លៃបន្ថែម តាមរយៈការដាំស្វាយចន្ទីនិងការកែច្នៃនាំចេញ ដែលនឹងផ្តល់ផលចំណេញដល់ប្រទេសទាំងពីរ។ ការងារនេះ នឹងចូលរួមចំណែកសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាជាអធិរាជស្វាយចន្ទីនាពេលអនាគត។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការវិនិយោគលើអ្វីដែលមានស្រាប់ដូចជាស្វាយចន្ទី នឹងជំរុញការវិនិយោគទទួលបានជោគជ័យឆាប់រហ័ស ហើយបានចូលរួមជួយអភិរក្សបរិស្ថាន ជួយដល់CO2 និង Eco-Friendly ដោយមិនមានការកាប់ព្រៃ ក្រោមហេតុផលកសិកម្ម។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានស្នើឱ្យភាគីកូរ៉េពិនិត្យលទ្ធភាព ក្នុងការវិនិយោគលើការសង់រោងចក្រកែច្នៃ និងឃ្លាំងស្តុកធំៗ ដែលអាចជួយដល់ក្រុមហ៊ុនតូចៗ និងរដ្ឋផងដែរ។ ដើម្បីជំរុញឱ្យការងារនេះឱ្យដំណើររលូន និងទទួលបានជោគជ័យ ក្រសួងនឹងជួយគាំទ្របច្ចេកទេស ព្រមទាំងសម្របសម្រួលលើដំណើរការនៃការនាំចេញស្វាយចន្ទី។ ក្រសួងនៅតែលើកទឹកចិត្តក្រុមហ៊ុនឱ្យធ្វើការពិចារណាលើការវិនិយោគស្វាយចន្ទីនៅកម្ពុជា។
យ៉ាងណាមិញ ប្រសិនក្រុមហ៊ុននៅតែចង់វិនិយោគលើដំណាំ Macadamia ទៀតនោះ ក្រុមហ៊ុនអាចពិចារណាលើជម្រើស២គឺទី១ ទិញដីសម្រាប់ក្រុមហ៊ុនអនុវត្តគម្រោង និងទី២ ធ្វើកិច្ចសហការជាមួយដៃគូអភិវឌ្ឍដែលមានដីស្រាប់៕