នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារព្រៃឈើឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី)។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមកនេះ ក្នុងការគ្រប់គ្រង ទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ និងការទន្ទ្រានដីព្រៃ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យព្រៃឈើ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលនយោបាយសម្រាប់អនុវិស័យរុក្ខាប្រមាញ់ និយាយដោយឡែក និងសម្រាប់ក្រសួង និយាយជារួម គឺត្រូវខិតខំសម្រេចឱ្យបាននូវការធានាសន្តិសុខស្បៀង និងរក្សានិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ លើសពីនេះទៀត ត្រូវមានការសិក្សា និងផ្សារភ្ជាប់គ្នាឱ្យបានល្អទាំងបច្ចេកទេស និងនយោបាយ ដើម្បីផ្តល់ប្រយោជន៍ និងការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងការកសាងទំនុកចិត្តពីសហគមន៍ក្នុងការចូលរួមថែរក្សាសម្បត្តិធម្មជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ដើម្បីប្រសិទ្ធភាពការងារ ថ្នាក់ដឹកនាំនិងមន្ដ្រីគ្រប់ជាន់ថ្នាក់ចាំបាច់ត្រូវសហការ ធ្វើការជាមួយគ្នាឱ្យបានល្អ ដោយគិតប្រយោជន៍ជាតិជាធំ ត្រូវបម្រើរាស្ត្រឱ្យដល់មូលដ្ឋានប្រកបដោយភាពស្មោះត្រង់ និងឆន្ទៈពិតប្រាកដ។ ទន្ទឹមនឹងនេះដែរ រាល់គម្រោងអភិវឌ្ឍនានាត្រូវពិនិត្យ និងវាយតម្លៃឱ្យបានល្អិតល្អន់ពីនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ត្រូវមានភាពម្ចាស់ការក្នុងការគ្រប់គ្រង មានភាពត្រឹមត្រូវច្បាស់លាស់ ស្របតាមគោលនយោបាយដែលបានកំណត់៕