នៅវេលាម៉ោង ១៦:០០ នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Takashi SEKI ជាមន្រ្តីប្រតិបត្តិជាន់ខ្ពស់ ប្រចាំតំបន់ អាស៊ាន និង លោក Hidekazu FUKUOKA ដែលជានាយកនៃការិយាល័យតំណាងរបស់ក្រុមហ៊ុន NIPPON KOEI ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ។ លោក Takashi SEKI បានមានប្រសាសថា គោលបំណងនៃកិច្ចជំនួបនេះ គឺ ដើម្បីសម្តែងការគួរសម និងស្វែងរកឱកាសក្នុងការចូលរួមវិនិយោគលើការអភិវឌ្ឍន៏វិស័យកសិកម្មនៅកម្ពុជា។
លោក Takeshita SEKI បានបន្តថាបច្ចុប្បន្នក្រុមហ៊ុនរបស់លោក បាននិងកំពុងអនុវត្តគម្រោងមួយចំនួននៅកម្ពុជា ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធកំពង់ផែក្រុងព្រះសីហនុ ដែលគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកបានបញ្ជាក់ បន្ថែមថាក្រុមហ៊ុនរបស់លោកនឹងមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដើម្បីជួយលើកកម្ពស់ វិស័យកសិកម្ម។ លោកបន្តថានៅកម្ពុជាមានឱកាសច្រើនក្នុងការវិនិយោគ ហើយបន្ទាប់ពីទទួលបាននូវគំនិតល្អៗពីឯកឧត្តម រដ្ឋមន្រ្តី លោកនឹងធ្វើសំណើរគម្រោងមួយចំនួនទៅក្រុមហ៊ុនរបស់លោកដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។
ថ្លែងនៅក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមហ៊ុន NIPPON KOEI ដែលបានចូលជួបសម្តែងការគួរសម និងមានបំណងវិនិយោគវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើទៅក្រុមហ៊ុនឲ្យពិចារណាលើគម្រោងតម្លៃក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម ដើម្បីពង្រឹងភាពប្រកួតប្រជែងក្នុងការផលិតផ្គត់ផ្គង់ (ការផលិត ការវេចខ្ចប់ ការរក្សាទុក និងទីផ្សារ)។ ហើយក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏ជម្រាបជូនក្រុមហ៊ុននូវសក្តានុភាពវិនិយោគកសិផលផ្សេងៗទៀត និងពីភាពរីកចម្រើននៅកម្ពុជា។