នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមការងារ១០០រាត្រី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ក្រុមការងារ១០០រាត្រី បានបង្ហាញចេតនាក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម និងកិច្ចការពារធនធានធម្មជាតិនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះកិច្ចសហការ ដើម្បីផលប្រយោជន៍ជាតិទាំងមូល។
ក្រសួង និងក្រុមការងារ១០០រាត្រី បានលើកឡើងអំពីការពិនិត្យលទ្ធភាពក្នុងការសហការជាមួយគ្នាលើការតាមដានទប់ស្កាត់បទល្មើសព្រៃឈើ សត្វព្រៃ ការទន្ទ្រានដី និងបទល្មើសជលផល ព្រមទាំងការអភិរក្សរតនសម្បត្តិគឺសត្វផ្សោតផងដែរ។ លើសពីនេះទៀត ក្រុមការងារ១០០រាត្រី នឹងពិនិត្យលទ្ធភាពសិក្សាការបង្កើត App ទីផ្សារកសិកម្ម និងចូលរួមជំរុញការផ្សព្វផ្សាយព័ត៌មានពិតអំពីគោលនយោបាយកសិកម្មថ្មី ដល់សាធារណជនបានយល់ដឹង និងមិនមានការយល់ខុស៕