ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីរាជការរបស់ក្រសួង នៅថ្ងៃច័ន្ទទី៨ ខែឧសភា ឆ្នាំ២០២៣នេះ អញ្ជើញចូលរួមព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្រោមព្រះរាជាធិបតីភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅ នៅខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។
ក្នុងពិធីបុណ្យច្រត់ព្រះនង្គ័លនៅព្រឹកថ្ងៃច័ន្ទនេះ ឯកឧត្តម ឌិត ទីណា និងមន្ត្រីរាជការនៅមន្ទីរកសិកម្មខេត្ត រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ និងឯកអគ្គរដ្ឋទូតបរទេសផ្សេងទៀតបានចូលរួមប្រារព្ធកម្មវិធីបុណ្យនៅក្នុងខេត្តកំពង់ធំ យ៉ាងច្រើនកុះករ ដើម្បីបង្ហាញពីការចាប់ផ្តើម រដូវដាំដុះ ដំណាំ នៅក្នុងប្រទេស និងបង្ហាញពីការទស្សន៍ទាយទិន្នផលកសិកម្មក្នុងឆ្នាំនេះផងដែរ។
តាមទំនៀមទម្លាប់ ពិធីនេះ ត្រូវបានរដ្ឋាភិបាលរៀបចំប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីទស្សន៍ទាយ ពីកម្រិត ទឹកភ្លៀង ការប្រមូលផលស្រូវ នាពេលខាងមុខ តាមរយៈគោឧសភរាជបរិភោគគ្រាប់ធញ្ញជាតិ ចំនួន៧មុខ រួមមាន ស្រូវ ពោត សណ្តែក ស្មៅ ល្ង ទឹក និងស្រា។
អ្វីដែលគួរឲ្យកត់សម្គាល់ នៅពេលដែលមន្ត្រី ចាប់ផ្តើមប្រលែងសត្វគោអោយបរិភោគគ្រាប់ធញ្ញជាតិ ស្រាប់តែសត្វគោបរិភោគ ស្រូវ ពោត សណ្តែក រហូតដល់៩៥% ដែលករណីនេះ ព្រាមព្រះរាជគ្រូ នៅព្រះបរមរាជវាំង បានទស្សន៍ទាយភ្លាមៗថា ទិន្នផលកសិកម្មនៅឆ្នាំនេះនិងទទួលបានផលខ្ពស់។
ក្រោយពីកម្ពុជាមានសន្តិភាពឡើងវិញ ពិធីបុណ្យច្រត់ព្រះនង្គ័ល ត្រូវបានរៀបចំឡើងតាមរាជបវេណី «ព្រះគោ» ឬ «គោឧសភរាជ» គឺនៅក្នុងឆ្នាំ១៩៩៣ ព្រះរាជពិធីនេះត្រូវបានរៀបចំនៅបរិវេណពហុកីឡាដ្ឋានអូឡាំពិច ហើយចាប់ពីឆ្នាំ១៩៩៤រហូតមក ព្រះរាជពិធីនេះតែងប្រារព្ធឡើងនៅវាលព្រះមេរុ ក្បែរព្រះបរមរាជវាំងរាជធានីភ្នំពេញ។
លុះដល់ឆ្នាំ២០១០ ពិធីនេះបានប្រារព្ធធ្វើនៅខេត្តសៀមរាប ដូចកាលនៅចន្លោះសង្គមរាស្ត្រនិយមចាប់ពីព្រះសម្តេចព្រះករុណា នរោត្តម សីហនុ យាងសោយទីវង្គតមក ពិធីច្រត់ព្រះនង្គ័ល ក៏ត្រូវបានរៀបចំប្រារព្ធឡើងនៅតាមបណ្តាខេត្តផ្សេងៗ ដូចជា កាលពីឆ្នាំ២០១៣ ប្រារព្ធឡើងនៅខេត្តកំពង់ចាម ឆ្នាំ២០១៤នៅខេត្តកណ្តាល ឆ្នាំ២០១៥នៅខេត្តបាត់ដំបង ឆ្នាំ២០១៦នៅខេត្តសៀមរាប ឆ្នាំ២០១៧នៅខេត្តព្រៃវែង ឆ្នាំ២០១៨នៅខេត្តស្វាយរៀង ឆ្នាំ២០១៩នៅខេត្តតាកែវ។ ក្រោយមកនៅឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាបានផ្អាកប្រារព្ធពិធីនេះ។ ប៉ុន្តែដល់ឆ្នាំ២០២៣នេះ បានចាប់ផ្តើមប្រារព្ធឡើងវិញ នៅលើទឹកដីខេត្តកំពង់ធំ៕