នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានចូលរួមកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពិនិត្យពីស្ថានភាពទឹកជំនន់នៅខេត្តពោធិ៍សាត់ និងលើកផែនការសកម្មភាពការងារបន្ត។
កិច្ចប្រជុំនេះរៀបចំធ្វើនៅសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងស្ថាប័នពាក់ព័ន្ធដទៃទៀត។
សូមជម្រាបជូនថា មកដល់ពេលនេះ ទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់បានស្រកចុះស្ថិតក្នុងស្ថានភាពមួយដែលអាចគ្រប់គ្រងបាន។
យ៉ាងណាក៏ដោយ ក្រុមការងារអន្ដរក្រសួង និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តធ្វើការរួមគ្នាទៀត ដើម្បីពិនិត្យ តាមដាន និងឈានទៅដោះស្រាយបញ្ហានានាដែលប្រជាជនជួបប្រទះ នៅពេលវាយតម្លៃពីផលប៉ះពាល់រួចរាល់៕