នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង និងនិវត្តន៍ជន បានចូលរួមពិធីសូត្រមន្តចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីបានបញ្ចប់កម្មវិធីក្រុងពាលី សូត្រមន្តរាប់បាត និងការសម្តែងរបាំ តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការសំណេះសំណាលជាមួយនិវត្តន៍ជន ដែលជាឱកាសសម្តែងការដឹងគុណចំពោះការចូលរួមបម្រើជាតិមាតុភូមិកន្លងមក។ ហើយឆ្នាំក្រោយ នឹងរៀបចំអាហារសាមគ្គីជាមួយគ្នា ដើម្បីពិភាក្សានិងសំណេះសំណាលជាមួយគ្នា។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី គឺយើងត្រូវយកចិត្តទុកដាក់ និងឱ្យតម្លៃមនុស្សចាស់ ដែលមានបទពិសោធន៍ធ្លាប់បំភ្លឺផ្លូវ ហើយការបង្កើតឱ្យមានសមាគមនិវត្តន៍ជនគឺជារឿងមួយល្អ ដែលអាចចូលរួមយោបល់ជួយដល់វិស័យកសិកម្ម។ កើត ចាស់ ឈឺ ស្លាប់ជារឿងធម្មតា តែត្រូវបំពេញការងារឱ្យអស់ពីចិត្ត អស់ពីសមត្ថភាព ធ្វើឱ្យបានលទ្ធផលល្អ ធ្វើជាគំរូ និងត្រូវយកចិត្តទុកដាក់ចែករំលែកបទពិសោធន៍ដល់ធនធានមនុស្សជំនាន់ក្រោយ ដើម្បីគ្រួសារ និងសង្គមជាតិរឹងមាំ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់និវត្តន៍ជន ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពនិងក្រុមគ្រួសារ យកចិត្តទុកដាក់និងផ្តល់ក្តីស្រលាញ់ឱ្យខ្លួនឯង និងត្រូវចូលរួមជាមួយគ្រួសារ ស្ថាប័ន និងសង្គមជាតិ ហើយត្រូវចេះគោរពឱ្យតម្លៃខ្លួនឯង។
សូមជម្រាបជូនថា និវត្តន៍ជនដែលបានចូលរួមកម្មវិធីសំណេះសំណាលមានចំនួន ៣៩៥នាក់ ដោយក្នុងម្នាក់ៗទទួលបានសៀវភៅធម៌មួយក្បាល និងថវិកាឧបត្ថម្ភ៕