នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិភាក្សាអំពីការរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤ ជាមួយគណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក និងសហព័ន្ធស្វាយចន្ទីកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការរៀបចំសន្និសីទកាសែតដោយមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃតាំងពីអ្នកផលិត កែច្នៃ និងទីផ្សារ ដើម្បីជួបគ្នាជជែកពិភាក្សាគ្នា ចូលរួមយោបល់ និងរកដំណោះស្រាយរួមលើស្វាយចន្ទី ការប្រើប្រាស់ឱ្យអស់សក្តានុពលដោយមិនបង្កើនការចំណាយ និងគិតគូរដល់បរិស្ថាន (Eco-Friendly)។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបើកទូលាយសម្រាប់ការវិនិយោគ និងសហការល្អជាមួយគ្នា ដោយត្រូវគៀងគរ និងជំរុញអ្នកវិនិយោគបរទេស មកធ្វើការវិនិយោគស្វាយចន្ទីនៅកម្ពុជា ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីកែច្នៃ និងទទួលបាននូវតម្លៃបន្ថែម។ ការងារនេះ នឹងរួមចំណែក សម្រេចគោលដៅរាជរដ្ឋាភិបាលក្នុងការពង្រីកការនាំចេញស្វាយចន្ទីទៅកាន់ពិភពលោក និងធ្វើឱ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទី ស្របតាមគោលនយោបាយជាតិស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសក្នុងសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ គឺចង់កែប្រែប្រទេសកម្ពុជាឱ្យក្លាយទៅជាអធិរាជស្វាយចន្ទី៕