នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងក្រុមការងារកសិកម្ម និងកំលាំងប្រដាប់អាវុធ បានចុះបិទយុទ្ធនាការអន្តរាគមន៍ជួយបោកស្រូវជូនប្រជាពលរដ្ឋ នៅឃុំគោកព្រេច ស្រុកគិរីវង្ស ខេត្តតាកែវ។
ក្នុងយុទ្ធនាការនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្តតាកែវ ដែលបានផ្តល់ព័ត៌មានទាន់ពេលវេលា និងច្បាស់លាស់ ដែលអាចឱ្យក្រុមការងារទាំងមូលសហការគ្នា រកវិធីសាស្ត្រជួយបោកស្រូវកសិករបានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកំលាំងប្រដាប់អាវុធដែលបានសហការល្អ និងខិតខំប្រឹងប្រែងក្នុងយុទ្ធនាការជួយដល់កសិករ ដែលនេះពិតជាជោគជ័យមួយដ៏សំខាន់។
លើសពីនេះទៀត ឯកឧត្តម បានណែនាំឱ្យមានការយកចិត្តទុកដាក់ សិក្សាអំពីផលប៉ះពាល់របស់បងប្អូនប្រជាកសិករឱ្យបានច្បាស់លាស់ និងរាយការណ៍ឱ្យបានទាន់ពេលវេលា ដើម្បីធ្វើការអន្តរាគមន៍ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះដែរ ត្រូវពិនិត្យ គិតគូរ ថែរក្សាទ្រព្យសម្បត្តិរដ្ឋ និងស្តារ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម ដូចជាប្រឡាយទឹក ព្រែកជីកជាដើម។
ឯកឧត្តម បានបន្ថែមទៀតថា ការជួយគ្នា គឺត្រូវជួយគ្នាអស់ពីចិត្ត ដើម្បីស្នាមញញឹមកសិករយើង ហើយនេះជាវប្បធម៌មួយល្អប្រពៃណាស់។
សូមជម្រាបជូនថា យុទ្ធនាការអន្តរាគមន៍ចុះជួយបោកស្រូវកសិករនេះ ដែលមានរយៈពេល ១៤ថ្ងៃកន្លងមកនេះ ដោយសារតែទឹកជន់លិចស្រែខ្លាំងមិនអាចប្រើម៉ាស៊ីនចុះច្រូតបាន តម្រូវឱ្យកសិករត្រូវច្រូតដោយដៃ និងបោកម៉ាស៊ីន។ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអភិបាលខេត្តតាកែវ បានចាត់តាំងក្រុមការងារក្រសួង មន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ចុះអន្តរាគមន៍ជួយប្រមូលផលស្រូវកសិករឱ្យបានទាន់ពេលវេលា ដោយមានកម្លាំងចុះជួយសរុបជិត ២ពាន់នាក់ និងស្រែជិត ២ពាន់ហិកតា៕