នៅទីស្តីការក្រសួងនារសៀលថ្ងៃពុធ ៨រោច ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការរីចូលជួបពិភាក្សាការងារទាក់ទងទៅនិងគម្រោងស្តីពី Cambodia Programme for Sustainable and Inclusive Growth in the Fisheries Sector (CAPFISH) ដែលភាគីទាំងពីរទើបតែបានបញ្ចប់ការសិក្សាពីលទ្ធភាព និងវាយតម្លៃពីលទ្ធផលរំពឹងទុក ហើយលើកចេញជាគម្រោងស្នើសុំទៅសហភាពអឺរ៉ុបពិនិត្យនិងសម្រេចជាផ្លូវការ។ សូមបញ្ជាក់ផងដែរថាគម្រោងនេះមានរយៈពេល ០៥ឆ្នាំ ដែលមានទឹកប្រាក់សរុបចំនួន ៨៥លានអឺរ៉ូ ក្នុងនោះមានការចូលរួមសហការអនុវត្តគម្រោងដោយរដ្ឋបាលជលផល ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនផងដែរ។ គម្រោងផ្តោតជាសំខាន់ទៅលើទី១ ការគ្រប់គ្រង អភិរក្ស ត្រួតពិនិត្យ និងតាមដានធនធានជលផលសមុទ្រ និងទឹកសាប ទី២ ការកែច្នៃ និងការធានាសុវត្ថិភាពស្បៀង ទី៣ ការលើកកម្ពស់ជីវភាពសហគមន៍នេសាទ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថានៅសប្តាហ៍ខាងមុខនឹងមានកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យសំណើគម្រោងនៅទីស្នាក់ការធំរបស់សហភាពអឺរ៉ុប ហើយឯកឧត្តមសង្ឃឹមថានឹងអាចចុះកិច្ចព្រមព្រៀងឯកភាពលើសំណើនេះនាចុងឆ្នាំ ២០១៨។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណជាអនេក ជូនចំពោះសហភាពអឺរ៉ុបដែលជានិច្ចកាលបន្តគាំទ្រ និងជួយអភិវឌ្ឍប្រទេសកម្ពុជា ពិសេសលើវិស័យកសិកម្ម។ ចំពោះគម្រោងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីសារៈសំខាន់ ព្រោះវានឹងជួយការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផលដ៏ប្រពៃប្រកបដោយនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ។ ឯកឧត្តមសន្យាថានឹងផ្តល់ការគាំទ្រ សហការអនុវត្តគម្រោងនេះឲ្យអស់លទ្ធភាពធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលដូចការរំពឹងទុក។
ក្រៅពីការងារគម្រោងខាងលើ ឯកឧត្តមឯកអគ្គរដ្ឋទូត និងឯកឧត្តមរដ្ឋមន្រ្តី បានពិភាក្សាគ្នាលើប្រធានបទមួយចំនួនទៀតដូចជាការគ្រប់គ្រងនិងទប់ស្កាត់បទល្មើសនេសាទ (IUU Fishing) ការគ្រប់គ្រងនិងការចុះបញ្ជិកាទូកនេសាទ ការធ្វើវិសោធនកម្មច្បាប់ស្តីពីជលផល ហើយឯកឧត្តមរដ្ឋមន្រ្តីបានឯកភាពធ្វើជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីដឹកនាំកិច្ចប្រជុំស្តីពីការធ្វើជំរឿនទូកនេសាទ ហើយក៏បានឯកភាពថានឹងបង្កើតក្រុមការងារត្រួតពិនិត្យ គ្រប់គ្រងធនធានព្រៃឈើផងដែរ។