នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមពិភាក្សាលើការត្រៀមរៀបចំពិធីនាំចេញចំណិតដំឡូងមីក្រៀមត្រង់ទៅប្រទេសចិន ជាមួយសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានស្នើ ឯកឧត្តមរដ្ឋមន្ត្រី ចំនួន៣ចំណុច គឺធ្វើលិខិតអញ្ជើញភាគីចិនចូលរួមដើម្បីគាំទ្រការនាំចេញ។ បន្ថែមពីការងារពាក់ព័ន្ធនឹងដំឡូងមី សហគមន៍បានស្នើឯកឧត្តមរដ្ឋមន្ដ្រី ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើការងារស្រូវអង្ករ ក៏ដូចជាស្វែងរកការគាំទ្រពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកសំណើទាំង៣ ហើយក្រសួងនឹងជួយរៀបចំឱ្យមានការគាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀមនេះ។ ជាមួយគ្នានេះដែរ ក្រសួងនឹងជំរុញអ្នកវិនិយោគចិនឱ្យមកវិនិយោគបន្ថែមលើការងារស្រូវអង្ករ ព្រមទាំងផលិតផលសក្តានុពលផ្សេងទៀត ដូចជាស្វាយចន្ទី និងមៀនប៉ៃលិនជាដើម។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងនឹងជំរុញសហគមន៍កសិកម្មគម្រូថ្មី ដែលមានថវិកា ធនធានមនុស្ស មានបទពិសោធន៍ មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ រឹងមាំ និងមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ដែលកាត់បន្ថយថ្លៃដើមផលិត សម្រាប់ផ្គត់ផ្គង់ផលិតផលមានគុណភាពតាមតម្រូវការទីផ្សារ ប្រកបដោយនិរន្តរភាព៕